ខេត្តរតនគិរី÷ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ នៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះប្រព្រឹត្តឡើងនៅភោជនីដ្ឋានរតនៈលីណា នៃខេត្តរតនគិរី នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គលេខាធិការរងនៃក្រសួង ស្ថាប័ន អភិបាល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងខេត្តព្រះវិហារ អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត វាគ្មិនកិត្តិយស អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សរាជធានី ខេត្ត និងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ សរុបចំនួនប្រមាណ ២៥០នាក់។
បន្ទាប់ពីលោកញ៉ែម សំអឿន អភិបាលនៃគណៈអភិ បាលខេត្តរតនគិរីបានធ្វើរបាយការណ៍អំពីស្ថានភាពភូមិសាស្ត្រ និងសមិទ្ធផលនានា ដែលខេត្តសម្រេចបាននាពេលកន្លងមកលោកយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. បានមានប្រសាសន៍ស្វាគមន៍អង្គសិក្ខាសាលាដោយលើកឡើងថា សិក្ខា សាលានេះរៀបចំឡើង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែងរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការរៀបចំផែនការធនធាន មនុស្ស ការវាយតម្លៃអំពីតម្រូវការមន្ត្រីជំនាញបច្ចេក ទេសក្នុងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីក្រប ខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យានៅតាមអង្គភាព ដើម្បីឆ្លុះបញ្ចាំង ជាមួយនឹងទស្សនទានថ្មី ដែលមានកំណត់ក្នុងសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការជ្រើស រើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ វិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលអនាគត។
រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា នៅពេលសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធត្រូវបានដាក់ចេញឱ្យអនុវត្ត ពេលនោះវិស័យដែលនឹងអនុវត្តជាជំហានដំបូងគេ គឺវិស័យសុខាភិបាល ហើយបន្ទាប់មកទៀត គឺវិស័យអប់រំ ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តនាពេលក្រោយ។ ដោយ ឡែក ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនឹងត្រូវរៀបចំដាក់ឱ្យអនុវត្តដោយអនុក្រឹត្យដោយឡែក។
ក្នុងប្រសាសន៍បើកសិក្ខាសាលានាពេលនេះ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងជាមួយក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំឱ្យមានសិក្ខាសាលានេះឡើង ជាពិសេសជ្រើសរើសទីតាំងខេត្តដាច់ស្រយាល និងមានចំងាយឆ្ងាយពីរាជធានីភ្នំពេញ។ លោកអភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី និងអគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែងប្រដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការ រៀបចំកិច្ចប្រជុំ សិក្សាកម្រិតបច្ចេកទេសតាមក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសារ រហូតសម្រេចបាននូវសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើស រើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
បន្ថែមពីនេះ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានាថ្ងៃនេះ ពិតជាមានសារៈសំខាន់ និងផ្តល់ធាតុចូលគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យក្រុមការងារយកទៅកែលម្អសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដូចប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា”រើសឱ្យចំ បំពេញការងារឱ្យត្រូវ រក្សាឱ្យនៅ” ក្នុងការជ្រើសរើសមន្ត្រីបន្ថែម សូមរក្សា ឱ្យបានភាពរឹតតែច្បាស់លាស់។
ចុងបញ្ចប់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស្នើឱ្យសិក្ខាកាមទាំងអស់ ចូលរួមគោរពនូវវិន័យ ជាពិសេសចូលរួមផ្តល់មតិយោបល់ឱ្យបានផុសផុល ដើម្បីទទួលបានធាតុចូលបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយ និងបន្តផ្តល់ធាតុចូលពីចំងាយជាលាលក្ខអក្សរ ជូនដល់គណៈកម្មាធិការ ដើម្បីរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ក្នុងទិសដៅបង្កើននូវប្រសិទ្ធភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អង្គភាពផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
សូមជម្រាបថា សិក្ខាសាលានេះប្រព្រឹត្តទៅរយៈ ១ថ្ងៃពេញ ដោយមានការរៀបចំឱ្យមានបទបង្ហាញទៅលើប្រធានបទចំនួន៦ និងវេទិការសំណួរចម្លើយរបស់សិក្ខាកាមទៅកាន់វាគ្មិនដែលជាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមការសម្របសម្រួលដោយ លោកគង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើស រើសមន្ត្រី នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ.។
សូមបញ្ជាក់ថារសៀលនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ៕
ដោយ៖ សុរិយា