ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានទទួលសំណុំរឿងព្រហ្មទណ្ឌ លេខៈ៥៧៤ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ ពាក់ព័ន្ឋចំនួន៥នាក់ (អនីតិជនចំនួន១នាក់) ក្នុងនោះមានខ្លួនចំនួន៣នាក់ និងរត់គេចខ្លួនចំនួន២នាក់។
ក្នុងចំណោមជនត្រូវចោទទាំង៥នាក់ ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យគឺ៖ ២នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណែកឯ១នាក់ ពីបទ៖ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងជនត្រូវចោទ២នាក់ទៀត(រត់គេចខ្លួន) ពីបទ៖ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្ត នៅភូមិពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ និង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ តាមមាត្រា ២១៨ មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទដែលមានខ្លួនចំនួន៣នាក់ នៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ២៦២៥ប.ឃខ/២៤,លេខ២៦២៧ប.ឃខ/២៤ និងលេខៈ ២៦២៩ប.ឃខ/២៤ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តស្វាយរៀង ដោយឡែកជនត្រូវចោទ ដែលរត់គេចខ្លួនចំនួន២នាក់ទៀត(អនីតិជនចំនួន១នាក់) ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ជាបន្តទៀត៕