ក្រសួង​ទេសចរណ៍​ សេចក្តីប្រកាសបដិសេធ ចំពោះ ការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand​ ជុំវិញ​ Miss Grand International ២០២៤នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ថ្មីៗនេះ សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម Facebook ដែលមានខ្លឹមសារដើមជាភាសាអង់គ្លេសថា “ (…) the reasons for the cancellation were that no officials from the host showed up to welcome the contestants upon arrival, the absence of the minister of tourism at the press conference as promised, (…)” ។ ការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានលើកឡើងថា មូលហេតុមួយនៃការលុបចោល កម្មវិធី Miss Grand Intemational ២០២៤ នៅកម្ពុជាបណ្តាលមកពី លោករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះតាមការសន្យា។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក្រសួងទេសចរណ៍ សូមធ្វើការបញ្ជាក់ជូនសាធារណជនជាតិ និង អន្តរជាតិទាំងអស់ជ្រាបថា៖

១. ក្រសួងទេសចរណ៍ សូមច្រានចោល និងបដិសេដចំពោះការចុះផ្សាយព័ត៌មានខាងលើនេះ ដែលខុសពី ការពិតទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

២. ពាក់ព័ន្ធនឹងកម្មវិធី Miss Grand International ២០២៤ នេះ កាលពីព្រឹកថ្ងៃអាទិត្យទី៦ ខែតុលា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃកម្មវិធីរួមមាន តំណាងក្រុមហ៊ុន HK7 Co., Ltd (ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការរៀបចំកម្មវិធី Miss Grand International ២០២៤ នៅប្រទេសកម្ពុជា) តំណាងកម្មវិធី Miss Grand International និងបេក្ខនារីដែលមកពីបណ្តាប្រទេស ទាំង៧៥នៃកម្មវិធី Miss Grand International ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ មកកាន់ ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញនូវការរីករាយចំពោះកម្មវិធី Miss Grand International ២០២៤ ក្នុងការ ចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍នៅកម្ពុជា និងការផ្សារភ្ជាប់ទេសចរណ៍ជាមួយសន្តិភាព។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានជួយសម្របសម្រួល និងផ្តល់កិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធលើបែបបទ ចេញ-ចូលព្រះរាជាណាចក្រកម្ពុជា និងការចូលទស្សនារមណីយដ្ឋាននានា។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ពុំធ្លាប់បានសន្យាថានឹងចូលរួមសន្និសីទកាសែត និង/ឬកម្មវិធីណាមួយផ្សេងទៀត ក្រៅអំពីការទទួលជួប សំណេះសំណាល ជាមួយប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍នោះទេ។

៣. ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មាន The Nation Thailand កែតម្រូវ និងបញ្ឈប់រាល់ការផ្សាយ ព័ត៌មានមិនពិតខាងលើ និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ។​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print