ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញផ្ដល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះស្ដីអំពីកាលានុវត្តភាពវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជូនដល់សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (International Business Chamber of Cambodia_IBC) ក្នុងឱកាសនៃកិច្ចប្រជុំទូទៅប្រចាំខែ ក្រោមការដឹកនាំរៀបចំដោយលោក Paul Clements ប្រធាន IBC ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិស័យឯកជនប្រមាណ ៧០រូប កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ម្សិលមិញ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
មានប្រសាសន៍លើកឡើងក្នុងសុន្ទរកថាស្វាគមន៍ លោក Paul Clements បានរំលេចឡើងនូវការមើលឃើញអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានជម្រាបជូនអំពីការចូលរួមរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសន្ទនាទៀងទាត់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ក្នុងរបៀបវារៈកម្មវិធីនាឱកាសនេះក៏មានការបង្ហាញជូនសមាសភាពវិស័យឯកជនថ្មីដែលជាសមាជិក សមាជិការបស់ IBC និងបង្ហាញជូនអំពីវឌ្ឍនភាពបច្ចុប្បន្នរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីនាឱកាសនេះអំពីភាពជោគជ័យនៃបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅសហរដ្ឋអាម៉េរិក និងកាណាដា ដែលដឹកនាំដោយឯកឧត្តមផ្ទាល់ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា វិស័យឯកជនពីសមាគមឧកញ៉ាកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀតដើម្បីជំរុញ និងទាក់ទាញវិនិយោគិនពីសហរដ្ឋអាម៉េរិកមកកម្ពុជា។
ជាកិច្ចបន្ត លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះស្ដីអំពីកាលានុវត្តភាពវិនិយោគ កិច្ចការងារសម្របសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបច្ចុប្បន្នភាពនៃផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាជាដើម។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ចេញឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់លទ្ធភាពជូនដល់វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែងតាមរយៈប្រព័ន្ធអនឡាញ៕