សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលការងាររបស់គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាយប៉ា ជាមួយប្រមុខដឹកនាំអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖​ តបតាមការអញ្ជើញរបស់ លោក Xaysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ និង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធាន ក្រុមរដ្ឋសភាជាតិកម្ពុជា-អាយប៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា រួមមាន៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា លោក សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងមន្ត្រីជំនួយការមួយចំនួន អញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអោយប៉ា ជាមួយប្រមុខដឹកនាំអាស៊ាន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុង របស់អោយប៉ា ដើម្បីរៀបចំខ្លឹមសារសេចក្តីថ្លែងការណ៍របស់ប្រជាជនអាស៊ាន តាមរយៈថ្នាក់ដឹកនាំអន្តរសភាអាស៊ាន (AIPA Message) សម្រាប់កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអោយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន ក្នុងអំឡុងពេល នៃ កិច្ចប្រជុំកំពូលអាស៊ាន។ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈប្រតិភូ និងលោក សួស យ៉ារ៉ា បានអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំ អោយប៉ា និងថ្នាក់ដឹកនាំអាស៊ានលើកទី១៣ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត Xaysophone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានមហាសន្និបាតអោយប៉ាលើកទី៤៥ និងឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥។

ឆ្លៀតក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ សភាទ្វេភាគីនាពេលកន្លងមក និងបន្តពង្រឹងទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាទាំងពីរ ក៏ដូចជាជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដែល បម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា-ឡាវ។

ភាគីឡាវបានថ្លែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ហើយភាគីឡាវនឹងបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ ជាអាទិ៍ ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន និងការអប់រំ ដើម្បីលើកកម្ពស់វឌ្ឍនភាពនិងវិបុលភាពនៃប្រជាជាតិទាំងពីរ។

លោកប្រធានគណៈប្រតិភូកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាមួយ លោក Tran Quang Phuong អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ចំពោះ កិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ និងបន្តលើកកម្ពស់តួនាទីនៃការទូតសភា ដើម្បីជំរុញការអភិវឌ្ឍ នៅប្រទេសទាំងពីរនិងក្នុងតំបន់ឱ្យកាន់តែមានការរីកចម្រើន។ ក្នុងឱកាសនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជាទាំងវិស័យ ហិរញ្ញវត្ថុនិងបច្ចេកទេសជារៀងរហូតមក។​ អាស្រ័យដូចបានជម្រាបជូន ខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print