គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់បានផ្ដល់នូវប្រភពទឹកសាបបម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម ជូនប្រជាកសិករ ក្នុងឃុំជ្រោយប្រស់ ខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ ទំនប់អាងទឹកជ្រោយប្រស់ ស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រប៉ែកខាងលិចរាជធានីភ្នំពេញ។ ទំនប់អាងទឹកនេះ មានសក្តានុពលស្តុកទឹកបានប្រមាណ ៤លានម៉ែត្រគូប ហើយមានតួនាទីស្ទាក់ទឹកសាបហូរមកពីជ្រលងភ្នំ និងពីផ្ទៃរងទឹកភ្លៀងពីជួរភ្នំទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មប្រមាណ ២៧៥ហិកតា។

សូមជម្រាបថា កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ទំនប់អាងទឹកជ្រោយប្រស់ បានទទួលរងនូវឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សា ដែលបណ្តាលឱ្យជើងទេរទំនប់ និងជើងទេរសំណង់ទ្វារទឹកលើទំនប់ជាច្រើនកន្លែងត្រូវទឹកហូរច្រោះដាច់ធ្វើឱ្យប្រជាពលរដ្ឋឃុំជ្រោយប្រស់ ជួបបញ្ហាកង្វះទឹកសាបសម្រាប់ការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងមានការលំបាកក្នុងការធ្វើដំណើរ និងចរាចរណ៍ដឹកជញ្ជូនកសិផលផងដែរ។

ក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់បងប្អូនប្រជាកសិករក្នុងឃុំជ្រោយប្រស់ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក និងឧតុនិយមដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការ បានអនុវត្តគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ទៅតាមលក្ខណៈបច្ចេកទេស។

បើតាមរបាយការណ៍បានឱ្យដឹងថា ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់មានដូចជា៖ ទី១)ស្តារឡើងវិញទំនប់អាងទឹកប្រវែង ១ ០០០ម៉ែត្រ ទី២)ក្រាលក្រួសក្រហមលើខ្នងទំនប់ប្រវែង ១ ០០០ម៉ែត្រ និងទី៣)ជួសជុលសំណង់សិល្បការ្យចំនួន ១កន្លែងដែលរួមមាន សាងសង់សំណង់បេតុងជើងទេរខាងមុខសំណង់ទ្វារទឹកប្រវែង ២០០ម៉ែត្រ សាងសង់សំណង់បាយអថ្មធំជើងទេរខាងក្រោយសំណង់ទ្វារទឹកប្រវែង ៥០០ម៉ែត្រ និងរៀបប្រអប់សំណាញ់ថ្មធំបាតខាងក្រោយសំណង់ទ្វារទឹក។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចរួចរាល់ ១០០%។

សូមបញ្ជាក់ថា បន្ទាប់ពីការងារស្តារឡើងវិញបានរួចរាល់តាមលក្ខណៈបច្ចេកទេស ប្រជាពលរដ្ឋចំនួន ៣៨៣គ្រួសារក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ នៃឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុងនឹងទទួលបានទំនប់អាងទឹកតម្កល់ទឹកសាបទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មរដូវស្រូវវស្សាចំនួន ២៧៥ហិកតា រដូវប្រាំងចំនួន ៣០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា ព្រមទាំងជួយបង្កើនរដូវដាំដុះ បង្កើនទិន្នផលកសិកម្ម និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ ហើយថែមទាំងការពារធនធានធម្មជាតិដែលមាននៅក្នុងមូលដ្ឋានទៀតផង។ ជាមួយគ្នានេះ តួទំនប់បានក្លាយជាផ្លូវសម្រាប់ធ្វើដំណើរនៅតាមបណ្តោយជើងភ្នំក្នុងមូលដ្ឋានទៅកាន់ទីប្រជុំជន និងទីរួមខេត្តបានយ៉ាងល្អប្រសើរ។ គម្រោងនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print