ក្រសួងយុត្តិធម៌ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលរយៈពេល ៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ចែករំលែក៖

ភ្នំពេញ : អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ នៃការអនុវត្ត យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលត្រូវបានប្រកាសដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ និងសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស។ អ្នកនាំពាក្យក្រសួង យុត្តិធម៌ សូមជម្រាបជូនសាធារណជនអំពីលទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធនាការទាំង ២ ខាងលើ សម្រាប់រយៈពេល ៩ខែ ដូចខាងក្រោម៖

ទី១-ក្នុងរយៈពេល ៩ខែ កន្លងទៅ, សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេស បានចាត់ការសំណុំរឿងទាំងអស់ ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី និង សំណុំរឿងដទៃទៀត បានសរុបចំនួន ១៣២ ៨០៥ សំណុំរឿង ស្មើនឹង ៧៣,៥១% នៃសំណុំរឿងទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១៨០ ៦៦១ សំណុំរឿង ក្នុងនោះ មានទាំងសំណុំរឿងដែលមានមុនពេល ប្រកាសដាក់ចេញយុទ្ធនាការ និងសំណុំរឿងដែលចូលថ្មីក្រោយពេលប្រកាសដាក់ចេញយុទ្ធនាការ។ ទន្ទឹមនេះ, សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋ តាមរយៈការសម្រុះសម្រួលផ្សះផ្សា បានចំនួន ២៧៤ ករណី។ គណៈបញ្ជាការដឹកនាំ យុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានខាងលើ ដែល នេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សាលាជម្រះក្តី និងអង្គការ អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្តីឱ្យបានឆាប់រហ័សជូន ប្រជាពលរដ្ឋ។

ទី២-ក្នុងរយៈពេល ៩ខែ កន្លងទៅ, គិតចាប់តាំងពីពេលគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានប្រកាស ទទួលបណ្ដឹងអំពីភាពមិនប្រក្រតីនៃចំណាត់ការសំណុំរឿងរបស់តុលាការ, ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹង មកកាន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ សរុបចំនួន ១ ៩៥០ បណ្ដឹង ប៉ុន្តែ ន្ត ម្ចាស់ពាក្យបង្កើ បានដកពាក្យបណ្តឹងរបស់ខ្លួនវិញ ចំនួន ២៣ បណ្ដឹង រ ដូច្នេះ បណ្តឹងរបស់ប្រជាពលរដ្ឋ ដែលគណៈបញ្ជាការ ដឹកនាំយុទ្ធនាការ ត្រូវចាត់ការមានចំនួនសរុប ១ ប ១ ៩២៧ បណ្ដឹង។ ជាលទ្ធផល, គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានចាត់ការបណ្តឹងរបស់ប្រជាពលរដ្ឋរួច សរុបចំនួន ១ ៥៧៤ ករណី ស្មើនឹង ៨១,៦៩% ដោយក្នុងនោះ ៖

ករណីស្នើសុំជំរុញ និងពន្លឿននីតិវិធីតុលាការ មានចំនួន ៩៩០ ករណី ស្មើនឹង ៥១,៣៧%

ករណីដែលម្ចាស់បណ្ដឹងបង្ហាញនូវកង្វល់អំពីភាពមិនប្រក្រតីចំពោះសំណុំរឿងរបស់ខ្លួនដែល កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ មានចំនួន ២៦៤ ករណី ស្មើនឹង ១៣,៧០% ករណីដែលរកពុំឃើញមានភាពមិនប្រក្រតី ហើយតុលាការសម្រេចដោយមានសំអាងហេតុ និងសំអាងច្បាប់ ត្រឹមត្រូវ និងច្បាស់លាស់ មានចំនួន ២៧២ ករណី ស្មើនឹង ១៤,១២%

ករណីដែលអាចមានតម្រុយសង្ស័យថាមានភាពមិនប្រក្រតី មានចំនួន ៤៨ ករណី ស្មើនឹង ២,៤៩% ក្នុងនោះ បានចាត់ឱ្យចុះធ្វើអធិការកិច្ចចំនួន ២៩ ករណី, ស្នើសុំឱ្យជំនុំជម្រះសាជាថ្មី ចំនួន ១៥ ករណី, សម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយជោគជ័យ ចំនួន ២ ករណី និង ធ្វើអធិបញ្ជាឱ្យចោទប្រកាន់ ២ ករណី។

សំណុំរឿងនៅសល់ និងកំពុងចាត់ការដោយគណៈបញ្ជាការដឹកនាំយុទ្ធនាការមានចំនួន ៣៥៣ ករណី ស្មើនឹង ១៨,៣១%។

ទី៣-លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានធ្វើការសម្របសម្រួលផ្តល់មេធាវីស្ម័គ្រចិត្ត ដែលជាទីប្រឹក្សាក្រសួងយុត្តិធម៌ ចំនួន ១៣៣ រូប ដើម្បីជួយការពារក្តីដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុង សំណុំរឿងចំនួន ១៣៣ ករណី។

ទី៤-ចំពោះសំណុំរឿងអាទិភាពទាំង ៤ រួមមាន៖ សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងគ្រោះថ្នាក់ ចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង, សាលាជម្រះក្តី និងអង្គការអយ្យការអម សាលាជម្រះក្តី បានចាត់ការ និងទទួលបានលទ្ធផល ដូចខាងក្រោម៖

(១).សំណុំរឿងអត្រានុកូលដ្ឋាន សរុបចំនួន ៤ ៩៨៣ សំណុំរឿង ដែលនៅសល់មុនពេល ប្រកាសដាក់ចេញយុទ្ធនាការ ត្រូវបានដោះស្រាយចប់សព្វគ្រប់ ១០០% តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤។ ចំណែកឯសំណុំរឿងអត្រានុកូលដ្ឋាន សរុបចំនួន ៣៧ ៥៦១ សំណុំរឿង ដែលចូលថ្មី ក្រោយពេលប្រកាសដាក់ចេញយុទ្ធនាការ ត្រូវបានដោះស្រាយចប់សព្វគ្រប់បានចំនួន ៣៥ ៦៥៨ សំណុំរឿង ស្មើនឹង ៩៤,៧១%។ ជារួម, សំណុំរឿងអត្រានុកូលដ្ឋានដែលបានចាត់ការរួចនៅទូទាំង ប្រទេស ទាំងអស់មានចំនួនសរុប ៤០ ៦៤១ សំណុំរឿង។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ សង្កេត ឃើញថា ចំណាត់ការលឿន

និងត្រឹមត្រូវលើសំណុំរឿងអត្រានុកូលដ្ឋាននេះ ទទួលបាននូវការស្វាគមន៍ និងការថ្លែងអំណរគុណជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ។

(២). សំណុំរឿងចរាចរណ៍ ទូទាំងប្រទេស សរុបចំនួន ៤ ៤៧៤ សំណុំរឿង ដែលរួមមាន ទាំងសំណុំរឿងចាស់ មុនពេលប្រកាសដាក់ចេញយុទ្ធនាការ និងសំណុំរឿងថ្មី ក្រោយពេលប្រកាសដាក់ ចេញយុទ្ធនាការ ត្រូវបានសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ដោះស្រាយចប់សព្វ គ្រប់ចំនួន ៣ ៦៩៦ សំណុំរឿង ស្មើនឹង ៨២,៦១%។ ចំណែកឯ សំណុំរឿងដែលនៅសល់មុនពេល ប្រកាសបើកយុទ្ធនាការ ចំនួន ១ ០៤១ សំណុំរឿង ត្រូវបានសាលាជម្រះក្តី និងអង្គការអយ្យការអម សាលាជម្រះក្តីដោះស្រាយរួចរាល់បានរហូតដល់ទៅ ៩៨% នៅសល់ ២១ សំណុំរឿងប៉ុណ្ណោះ ដែលជាសំណុំរឿងស្មុគស្មាញ ជាពិសេស ពិបាកក្នុងការកំណត់សាវតារជាតិរបស់ជនសង្ស័យដែល ទាមទារពេលវេលាក្នុងការចាត់ការ ដើម្បីធានានូវផលប្រយោជន៍របស់ជនរងគ្រោះ។ អង្គជំនុំ នៃ
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានឯកភាពគ្នាដាក់ចេញនូវទិសដៅក្នុងការបន្តខិតខំដោះស្រាយ ឱ្យបានចប់សព្វគ្រប់នូវសំណុំរឿងចរាចរណ៍ចាស់ដែលនៅសល់ ២១ ករណីនេះ ត្រឹមដំណាច់ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏បានពិនិត្យឃើញផងដែរថា ការដោះស្រាយសំណងជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគិតគូរយ៉ាងយកចិត្ត ទុកដាក់ និងឆាប់រហ័ស។ ទន្ទឹមនេះ, អ្នកបើកបរដែលល្មើសនឹងច្បាប់ចរាចរណ៍ និងបានបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យអ្នកដទៃស្លាប់ គឺត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយម៉ឺងម៉ាត់ និងដោយត្រឹមត្រូវ តាមច្បាប់ ហើយពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” គឺលែងមានតទៅទៀតហើយ នៅក្នុង ក្របខ័ណ្ឌនៃការកែទម្រង់នេះ។

(៣).ចំពោះសំណុំរឿងគ្រឿងញៀន, សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ “តម្លាភាព” ដោយបានចេញ សេចក្តីប្រកាសព័ត៌មានជាប់ជាប្រចាំ ចំពោះចំណាត់ការសំណុំរឿងគ្រឿងញៀននៅគ្រប់ដំណាក់កាល នៃនីតិវិធីរបស់អយ្យការ និងតុលាការ ដើម្បីបញ្ចៀសឱ្យបាននូវការមិនទុកចិត្តគ្នាក្នុងចំណោមស្ថាប័ន អនុវត្តច្បាប់ និងម្យ៉ាងទៀត, ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់ប្រកបដោយ ការទទួលខុសត្រូវពីសំណាក់ស្ថាប័នអនុវត្តច្បាប់ ទៅកាន់សាធារណជន។ បន្ថែមពីនេះ, ចំណាត់ការ សំណុំរឿងគ្រឿងញៀនត្រូវបានធ្វើឡើងដោយប្រកាន់ខ្ជាប់នូវអភិក្រម ម៉ឹងម៉ាត់ និងត្រឹមត្រូវតាមច្បាប់” និង “ស្អាតស្អំ” ដោយរហូតមកដល់ពេលនេះ ពុំទាន់រកឃើញថា មានភាពមិនប្រក្រតីណាមួយនៅឡើយ ពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងគ្រឿងញៀន។

(៤).ចំពោះសំណុំរឿងក្មេងទំនើង, គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញថា តុលាការបានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មកទល់នឹង ពេលនេះ, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានទទួលចាត់ការ សំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ១ ១៧៥ ករណី ក្នុងនោះបានចាត់ការរួចចំនួន ៥៨៩ ករណី ស្មើនឹង ៥០,១៣%។ វិធានការម៉ឺងម៉ាត់នេះ បានចូលរួមចំណែកក្នុងការធានាឱ្យបាននូវសុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គម ដោយយើងសង្កេតឃើញជារួមថា បច្ចុប្បន្ននេះ សកម្មភាពក្មេងទំនើងនៅសល់ តិចតួចតែប៉ុណ្ណោះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ គណៈបញ្ជាការ ដឹកនាំយុទ្ធនាការ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿង របស់ខ្លួនមានភាពយឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមបន្តដាក់ពាក្យបណ្ដឹងមកយន្តការផ្លូវការនៃយុទ្ធនាការ ទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ និង QR Code ដែលមានភ្ជាប់មកជាមួយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print