ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូត្រូវរថយន្តមួយគ្រឿងបើកបញ្ច្រាសទិសមកបុកពេញទំហឹងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែតុលាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ យ៉ាវ វ៉ាន់ហេង អាយុជាង៥០ឆ្នាំ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FU-3560 តែម្នាក់ឯងក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Mazda BT50 ពាក់ស្លាកលេខ ភ្នំពេញ 2BX-3693 បេីកបញ្រ្ចាសទិសដៅចរាចរណ៍ក្នុងល្បឿនយ៉ាងលឿនពីជើងមកត្បូងក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសដែលជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតទៅបុករបងព្រលានយន្តហោះអន្តរជាតិភ្នំពេញខូចខាតអស់ជាច្រើន ភ្លាមនោះអ្នកធើ្វដំណើរបានជួយឃាត់ម្ចាស់រថយន្តដើម្បីប្រគល់ជូនសមត្ថកិច្ច ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះបានប្រគល់ឱ្យសាច់ញាតិយកទៅធើ្វបុណ្យតាម ប្រពៃណី ៕ដោយ៖សុខាសែនជ័យ