ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតចុងស្រួចបម្រុងចាក់សម្លាប់នារីម្នាក់នៅក្នុងហាងភីហ្សា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសចិនម្នាក់នៅក្នុងដៃមានកាន់កាំបិតចុងស្រួចចំនួន០១ដើរសំដៅទៅហាងលក់ភីហ្សាមួយកន្លែងដោយមិនដឹងច្បាស់ថាកំពុងស្ថិតក្នុងស្ថានភាពស្រវឹងឬបែកថ្នាំនោះទេព្រោះគេបានឃើញបុរសចិនខាងលើ ធ្វើសកម្មភាពយកកាំបិតចុងស្រួចនោះទៅភ្ចង់នារីម្នាក់ដែលជាអ្នកលក់នៅក្នុងហាងភីហ្សាខាងលើដែលមានស្លាកយីហោ រ៉ូម៉ាណូ អ៊ីតាលៀន ភីហ្សា។
ប្រភពដដែលបានបន្ដទៀតថា ខណៈពេលជនជាតិចិនខាងលើយកកាំបិតភ្ចង់ បម្រុងចាក់កនារីរងគ្រោះនោះបុគ្គលិកនិងប្តីរបស់គាត់បានឃើញទាន់ពេលក៏បានធ្វើការប្រតាយប្រតប់ រហូតដល់ជ្រុះកាំបិតពីដៃរួចវាយជនជាតិចិននោះអោយរបួសបែកក្បាលព្រមទាំងទាក់ទងទៅកាន់សមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចក៏បាននាំខ្លួនជនជាតិចិនខាងលើយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីធ្វើការសាកសួរនិងអនុវត្តបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ