ភ្នំពេញ៖ បើតាមរាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ប្រទេសកម្ពុជាប្រមូលប្រាក់បានជាង ៧,៦ ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារអាមេរិកនៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ កើនជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈអាមេរិកនៅតែជាប្រទេសនាំមុខគេដែលទទួលទិញទំនិញពីកម្ពុជា គឺចំនួនជិត ១/៣ នៃទឹកប្រាក់នាំចេញសរុប។
រាបាយការណ៍ដដែល បានគូសបញ្ជាក់ថា ចាប់ពីខែមករាកុម្ភៈ ដល់ខែកញ្ញាឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក មានចំនួនសរុប ៧,៨ ពាន់លានដុល្លារ កើនជាង ១០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានជាង ៧ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក ចំនួន ៧,៦ ពាន់លានដុល្លារ កើន ១០,៣ ភាគរយ ចំណែកទំនិញអាមេរិកនាំមកកម្ពុជាចំនួន ១៩៣ លានដុល្លារ កើន ៦,៧ ភាគរយ។
បេីតាមប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានឱ្យដឹងថា សម្ទុះការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសបណ្តាប្រទេសតំបន់អឺរ៉ុប អាមេរិក និងកាណាដាបានងើបឡើងវិញចាប់តាំងពីដើមឆ្នាំមកនេះ។ លោក បន្តថាអាមេរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា ដោយភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងកសិផលមួយចំនួន។ ជាមួយប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញ GSP ដែលអាមេរិកផ្តល់ឱ្យកម្ពុជាក៏ជាផ្នែកសំខាន់ដែលជួយឱ្យទំនិញកម្ពុជាកាន់តែច្រើន ត្រូវបាននាំទៅកាន់ទីនោះ។
លោកប្រធានសមាគមស្បែកជើងកម្ពុជា បានគូសបញ្ជាក់ទៀតថា៖ «ក្នុងរយៈពេលប៉ុន្មានខែមកនេះ ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលមានភាពល្អប្រសើរជាងឆ្នាំមុន ព្រោះតម្រូវការនៅទីផ្សារគោលដៅរបស់យើងមានកំណើន»។
ដោយឡែក អ្នកសេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងថា ទោះបីពេលនេះកំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់ល្អដូចមុនពេលមានវិបត្តិជំងឺកូវីដ ១៩ ប៉ុន្តែការនាំចេញទំនិញរបស់កម្ពុជាទៅអាមេរិក គឺបង្ហាញភាពវិជ្ជមានឡើងវិញជាបន្តបន្ទាប់ចាប់តាំងពីចុងឆ្នាំ ២០២៣។
អ្នកសេដ្ឋវិទូរូបនេះ បានថ្លែងថា៖ «ការងើបឡើងវិញនៃតម្រូវការផលិតផលវាយនភណ្ឌនៅអាមេរិក ព្រមទាំងការកើនឡើងសមត្ថភាពផលិតកម្មនៅកម្ពុជានឹងជួយធ្វើឱ្យកម្ពុជាមានឱកាសទទួលប្រាក់ចំណូលកាន់តែច្រើនពីពាណិជ្ជកម្មទ្វេភាគីនេះ។ អាមេរិក គឺជាទីផ្សារទទួលទិញផលិតផលវាយនភណ្ឌចម្បងរបស់កម្ពុជា»។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៩,៨៣ ពាន់ លានដុល្លារ ពីការនាំទំនិញចេញទៅក្រៅប្រទេស កើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់GDCE។ការនាំចេញទំនិញរបស់កម្ពុជាមានទំហំទឹកប្រាក់ ១៩,៨៣ ពាន់លានដុល្លារ កើនឡើង ១៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%៕
ដោយ៖តារា