អភិបាលខេត្តព្រះវិហារ អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនថ្នាក់ដឹកនាំ មន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូប ដែលពិធីនេះបានធ្វើឡើងនៅរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះ លោក គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងកិច្ចសហការល្អក្នុងការអភិរក្ស និងអភិវឌ្ឍន៍នានា និងការទប់ស្កាត់ការជីកកកាយ លួចវត្ថុបុរាណ ការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ និងបទល្មើសនានា សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

ពិសេសគឺការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ Run with Sai ចំនួន ០២លើក នៅក្នុងឱកាសអបអរសាទរខួប នៃការចុះប្រាសាទព្រះវិហារ និងប្រសាទកោះកែរក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងការរៀបចំការពារសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ នៅក្នុងឱកាសប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលបានប្រព្រឹត្តិទៅដោយរលូន និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ។

ក្នុងទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែប្រសើរថែមទៀត ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងណែនាំមន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិព្រះវិហារ និងមន្ទីរអង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើកិច្ចការគ្រប់គ្រងការពារអភិរក្ស និងជំរុញផ្សព្វផ្សាយបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យមកទស្សនាកម្សាន្តក្នុងខេត្តឱ្យបានច្រើនកុះករ ព្រមទាំងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត ការដាំដុះបន្លែសរីរាង្គ ការចិញ្ចឹមសត្វ ផ្តល់ការគាំទ្រលើការវិនិយោគ វិស័យទេសចរណ៍ និងសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញវិនិយោគិនជាតិ-អន្តរជាតិ និង ភ្ញៀវទេសចរណ៍ចូលមកបន្ថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print