ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបន្ដគាំទ្រវិស័យឯកជនក្នុងការវិនិយោគផ្នែកសុខាភិបាលដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជាបន្ដគាំទ្រនិងលើកទឹកចិត្ដដល់វិស័យឯកជនក្នុងការវិនិយោគផ្នែកសុខាភិបាល ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឲ្យមានគុណភាព និងសុខុមាលភាព ឲ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្ដ្រចតុកោណ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈលោកស្រី ចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យសូរិយា កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យសូរិយានេះគឺការឆ្លុះបញ្ចាំងនូវការលូតលាស់ទៅមុខឥតឈប់ឈរនៃវិស័យសុខាភិបាល ជាពិសេសការចូលរួម នៃវិស័យឯកជន ដែលបានសាងសង់ មន្ទីរ ពេទ្យ រួមចំណែកផ្តល់សេវាកម្មជូនប្រជាពលរដ្ឋ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ការអភិវឌ្ឍរបស់វិស័យឯកជនបាននឹងកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដែលបានកំណត់យកការអភិវឌ្ឍវិស័យឯកជនក្នុងបេសកកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ លើសពីនេះទៀត ការដាក់សម្ពោធអគារមន្ទីរពេទ្យសូរិយា នាឱកាសនេះ ពិតជាគូសបញ្ជាក់យ៉ាងច្បាស់ពីការ ទុកចិត្តពីសំណាក់អ្នកវិនិយោគទុនទាំងក្នុងប្រទេស និងក្រៅប្រទេស លើសភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ដែលបង្កការងាយស្រួល ដល់ការបណ្តាក់ទុន និងប្រកបអាជីវកម្មនៅកម្ពុជា។
លោកស្រី ម៉ែន សំអន បានបន្ដថា បច្ចុប្បន្ននេះប្រទេសយើងពិតជាមានការរីកលូតលាស់ក្នុងការប្រកួតប្រជែងផ្ដល់សេវាពិនិត្យ ពិគ្រោះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យមានការកើនឡើងនៃគ្លីនិក និងមន្ទីរពេទ្យឯកជន ដោយមានបំពាក់នូវសម្ភារបរិក្ខាទំនើបជឿនលឿន ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ ដែលចង់ទទួលបានសេវាប្រកបដោយជំនឿទុកចិត្ដ។
លើសពីនេះទៀត ដោយមានការកើនឡើងនៃអ្នកមានចំណូលខ្ពស់ និងមធ្យម បានធ្វើឲ្យប្រជាជនកម្ពុជាស្វែងរកសេវាព្យាបាលជម្ងឺ ប្រកបដោយគុណភាពខ្ពស់ ពីមន្ទីរពេទ្យ ដែលមានលក្ខណៈទំនើបជឿនលឿនអាចទុកចិត្ដបាន។ ជាក់ស្ដែងយើងឃើញមានមន្ទីរពេទ្យឯកជនលំដាប់អន្ដរជាតិ បានរីកដុះដាលព្រោងព្រាត ដើម្បីប្រកួតប្រជែងទីផ្សារ ផ្ដល់សេវាសុខាភិបាល។
កន្លងមកប្រជាពលរដ្ឋកម្ពុជាយើងមានលទ្ធភាពមួយចំនួន បានចេញទៅពិនិត្យព្យាបាលជំងឺនៅក្រៅប្រទេស ជាពិសេសប្រទេសសឹង្ហបុរី ថៃ និងវៀតណាម។ ប៉ុន្ដែអាស្រ័យមានការពង្រឹងគុណភាពសេវាសុខាភិបាល រួមទាំងការលើកកម្ពស់គុណភាព វេជ្ចសាស្រ្ដ នៃវិស័យឯកជន បានធ្វើឲ្យប្រជាពលរដ្ឋយើងងាកមកទទួលសេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ នៅក្នុងប្រទេសវិញកាន់តែច្រើន។ នេះដោយសារការដឹកនាំយ៉ាងត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី ។
លោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា នាយកមន្ទីរពេទ្យសូរិយា បានបញ្ជាក់ថា មន្ទីរពេទ្យសូរិយាបានរៀបចំឲ្យមានបន្ទប់សង្រ្គោះបន្ទាន់ បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាល បន្ទប់ត្រៀមសម្រាល (សម្រាលធម្មតា និងសម្រាលក្នុងអាងទឹក) បន្ទប់វះកាត់ បន្ទប់តាមដានក្រោយវះកាត់ បន្ទប់សម្រាកព្យាបាល (ដែលមាន២ប្រភេទជាប្រភេទធម្មតា និងប្រភេទសម្រាប់ឥស្សរជន VIP) បន្ទប់ពិសោធន៍ ឃ្លាំងស្តុកឱសថ និងសម្ភាបន្ទប់សម្រាប់កិច្ចការរដ្ឋបាល បន្ទប់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាពក្នុងមន្ទីរពេទ្យ សាលប្រជុំ អាហាដ្ឋាន និងចំណតរថយន្តជាដើម។
លោកស្រីបានបន្តថា សេវាកម្មចម្បងដែលមន្ទីរពេទ្យផ្ដល់ជូនអតិថិជនរួមមាន ពិនិត្យព្យាបាលរោគស្រ្តី និងសម្ភព, ពិនិត្យព្យាលជំងឺទូទៅ,ពិនិត្យព្យាបាលជំងឺកុមារ, ពិនិត្យព្យាបាលជំងឺថ្លើម ក្រពះ និងពោះវៀន ,វះកាត់ទូទៅ និងវះកាត់ដោយម៉ាស៊ីនអង់ដូស្កុប ,ពិនិត្យអេកូ (អេកូជំងឺទូទៅ អេកូទារកក្នុងផ្ទៃ អេកូទារកទើបកើត អេកូបេះដូង ),ពិនិត្យអមវេជ្ជសាស្រ្ត ដែលមានថតដោយកាំរស្មីX ថតសុដន់ ថ្លឹងកំហាប់ឆ្អឹង ពិនិត្យឈាម។
នាយកមន្ទីរពេទ្យបានថ្លែងបន្តថា គោលដៅអនាគតមន្ទីរពេទ្យសូរិយា នឹងស្វែងរកដៃគូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា វេជ្ជសាស្រ្តសុខាភិបាល វិទ្យាសាស្រ្តទំនើបដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមនិងប្រជាពលរដ្ឋ ៕
ដោយ៖ សំរិត
...