ខេត្តកំពង់ឆ្នាំង៖ មន្រ្តីរាជការ កងកម្លាំង បុគ្គលិកក្រុម អង្គការ អ្នកសារព័ត៌មាន សិស្សានុសិស្សនិស្សិត ពលរដ្ឋប្រមាណ ៣៥០០នាក់ បានចូលរួមក្នុងពិធីរត់ភ្លើងគប់ អបអរសាទរ!ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីរត់ភ្លើងគប់ អបអរសាទរកីឡាជាតិឆ្នាំ២០២៤ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងអារម្មណ៍រីករាយជាខ្លាំងដែលមន្រ្តី កងកម្លាំង ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងចូលរួមយ៉ាងច្រើនកុះករ។
ជាមួយគ្នានោះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បង្ហាញពីអារម្មណ៍រំភើបរីករាយជាខ្លាំងសម្រាប់ខេត្តកំពង់ឆ្នាំង ដែលទទួលបានសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ នៃពិធីរត់ភ្លើងគប់ អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ លើសពីនេះទៅទៀត លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅកាន់អត្តពលិកតំណាងខេត្តរបស់ខ្លួន ដែលត្រៀមចូលរួមការប្រកួតថ្នាក់ជាតិត្រូវតែខិតខំប្រឹងប្រែងប្រកួតឱ្យពីសមត្ថភាព និងគោរពបទបញ្ជានៃការប្រកួត។
យោងតាមរបាយការណ៍ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមការប្រកួតកីឡាជាតិលើកទី៤ បានបញ្ជាក់ថា ប្រតិភូគ្រូបង្វឹកកីឡាករ កីឡាការិនីខេត្តកំពង់ឆ្នាំង បានចុះឈ្មោះចូលរួមប្រកួតចំនួន ២៣៣នាក់ នារី ៩៩នាក់ លេងលើ ១៦ប្រភេទកីឡា និងកីឡាជាតិជនពិការលេងលើ ៤ប្រភេទកីឡា។
សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង ទទួលសិទ្ធរៀបចំការប្រកួតកីឡាទោចក្រយាន្ត(កង់គក់ និងកង់ភ្នំ)។ កំពង់ឆ្នាំង ជាខេត្តទី៣ បន្ទាប់ពីខេត្តកែប និងព្រះសីហនុ ដែលបានបា្ររព្ធពិធីរត់ភ្លើងគប់កីឡា អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ ដំណើរភ្លើងគប់កីឡា នឹងធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង មុនធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបើកផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមរំលឹកថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ដោយ៖តារា