ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ កម្ពុជារកប្រាក់ចំណូលចំនួន ៣៩៤ លានដុល្លារពីការនាំចេញជ័រកៅស៊ូធម្មជាតិ កើនឡើង ១៨ ភាគរយពីជិត ៣៣៣ លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា កម្ពុជាបាននាំចេញទំនិញចំនួន ២៤៨ ៥៣៥ តោនក្នុងអំឡុងខែមករាដល់ខែកញ្ញាឆ្នាំនេះ កើនឡើង ២,៤ ភាគរយពីចំនួន ២៤២ ៦៥៤ តោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បេីតាមអគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ លោកគុណ កក្កដា បានលើកឡើងនៅក្នុងរបាយការណ៍ថា៖«ជ័រកៅស៊ូមួយតោនជាមធ្យមមានតម្លៃ ១ ៥៨៦ ក្នុងរយៈ៩ខែនៃឆ្នាំ ២០២៤នេះដែលកើនឡើងប្រហែល ២១៥ ដុល្លារខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន» ។
អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ទៀតថា កម្ពុជា នាំចេញផលិតផលកៅស៊ូធម្មជាតិជាចម្បងទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
គួរជម្រាបជូនដែរថា ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា លោក ម៉ែន សុភក្តិ កាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅក៏ធ្លាប់បានបញ្ជាក់ថា៖ ការប្រមូលផលជ័រកៅស៊ូយកមកកែច្នៃបានគ្រប់គ្រាន់ ខណៈកម្ពុជាកំពុងមានកំណើនផ្ទៃដីចៀរជ័រកៅស៊ូបន្ថែម ដែលធ្វើឱ្យបរិមាណប្រមូលផលកើនឡើងជាងមុន។
ប្រធានសមាគមរូបនេះ បានបន្ថែមថា តម្លៃកៅស៊ូនៅក្នុងសប្ដាហ៍នេះ បានធ្លាក់ចុះប្រមាណ ៥០ ដុល្លារ ប្រៀបនឹងសប្ដាហ៍មុន ដោយលក់ក្នុងតម្លៃជាង ១ ពាន់ ៦ រយ ដុល្លារ ក្នុងមួយតោន (ប្រភេទកៅស៊ូល្អ) ខណៈជ័រកៅស៊ូប្រភេទលេខ ១០ តម្លៃធ្លាក់ក្រោម ១ ពាន់ ៦ រយដុល្លារ។ លោកបញ្ជាក់ថា មូលហេតុដែលតម្លៃធ្លាក់ចុះ ដោយសារតម្រូវការទីផ្សារបានធ្លាក់ចុះ តម្លៃកៅស៊ូក៏ធ្លាក់ចុះដែរ។
យោងតាមរបាយការណ៍ដដែល កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៧ ១៧២ ហិកតា ដែលក្នុងនោះមានប្រមាណ ៧៨,៦ ភាគរយអាចជៀជ័របាន៕
ដោយ៖តារា