ជំនួបសភាសង្កេតការណ៍ ៖ លោក ឃុត ចាន់ដារ៉ា ស្នើសភាកាណាដា ជួយគាំទ្ររដ្ឋសភាកម្ពុជាជាសភាអេឡិចត្រូនិក

ចែករំលែក៖

ប្រទេសឡាវ ៖ លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍អាយប៉ាគឺសភាកាណាដា នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំមានការចូលរួមដោយគណៈប្រតិភូមកពីសភាប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ និងវៀតណាម និងបានប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន”។

ក្នុងក្របខ័ណ្ឌពង្រឹងទំនាក់ទំនងទ្វេភាគី លោក ឃុត ចាន់ដារ៉ា បានស្នើសភាកាណាដាពង្រឹងកិច្ចសហការលើវិស័យដឹកជញ្ជូន ថាមពល និងឌីជីថល តាមរយៈការដាក់វិនិយោគទុន និងជួយគាំទ្ររដ្ឋសភាកម្ពុជាក្នុងការធ្វើបរិវត្តកម្មទៅជាសភាអេឡិចត្រូនិក។ ជួយវិនិយោគលើវិស័យសេដ្ឋកិច្ច អប់រំ សុខាភិបាល ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី។

ក្នុងក្របខ័ណ្ឌពហុភាគី លោក បានស្នើភាគីកាណាដាសហការជាមួយអាយប៉ាដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ឆ្លៀតនៅក្នុងឱកាសនោះ លោក ក៏បានអញ្ជើញគណៈប្រតិភូសភាកាណាដាចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ផងដែរ។

ប្រតិភូសភាកាណាដា បានផ្ដល់បទអន្តរាគមន៍ដោយលើកឡើងថា កាណាដានឹងពង្រឹងការតភ្ជាប់ និងការផ្លាស់ប្ដូរជាមួយប្រទេសនៅក្នុងអាស៊ានតាមរយៈការជំរុញប្រជាជនខ្លួនឱ្យមកធ្វើធុរកិច្ច។ សភាកាណាដាក៏បានជម្រាបជូនអង្គប្រជុំអំពីសន្និសីទរបស់កាណាដានៅក្នុងតំបន់អាស៊ី ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print