សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០២៤ បានផ្សាយថា ព្យុះហឺរីខេន Oscar បានឆក់យកជីវិតមនុស្ស ៦នាក់ បន្ទាប់ពីបោកបក់លើប្រទេសគុយបាកាលពីចុងសប្តាហ៍មុន ចំពេលដែលប្រទេសនេះគ្មានថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជន ហើយមានតែនៅក្នុងរដ្ឋធានីឡាហាវ៉ានប៉ុណ្ណោះ ដែលអាចស្តារបានឡើងវិញភាគច្រើន។
ប្រជាជនគុយបា ជាង១០លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ឡើយ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន រោងចក្រថាមពលដ៏ធំបំផុតរបស់ប្រទេសបានដួលរលំ ប៉ះពាល់ដល់បណ្តាញផ្គត់ផ្គង់ទាំងមូល។ ប៉ុន្តែគិតត្រឹមល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៩០ភាគរយនៃអ្នករស់នៅក្នុងរដ្ឋធានីឡាហាវ៉ាន ដែលមានប្រមាណ ២លាននាក់ មានភ្លើងប្រើប្រាស់វិញហើយ។ ប៉ុន្តែគុយបា នៅតែបន្តស្ថិតក្នុងសភាពងងឹតដដែល នៅពេលព្យុះហឺរីខេន Oscar បោកបក់មកលើភាគខាងកើតប្រទេស ក្នុងកម្រិតជាព្យុះកម្រិតទី១ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងបង្កការខូចខាតច្រើន។
គុយបា ផលិតបានត្រឹមតែមួយភាគបី នៃតម្រូវការអគ្គិសនីរបស់ខ្លួនប៉ុណ្ណោះ ដូច្នេះដើម្បីជួយដល់បណ្តាញអគ្គិសនី គុយបាបានជួលរោងចក្រថាមពលអណ្តែតទឹកចំនួន ៧ ពីក្រុមហ៊ុនតួកគី ហើយបន្ថែមម៉ាស៉ីនភ្លើងចាក់ប្រេងម៉ាស៊ូតតូចៗ ជាច្រើនគ្រឿងផងដែរ។
ជាមួយក្តីបារម្ភពីអស្ថិរភាព ដែលបានកើនឡើងនៅក្នុងប្រទេស ដែលកំពុងប្រយុទ្ធនឹងអតិផរណាខ្ពស់ កង្វះស្បៀងអាហារ ឱសថ ប្រេង និងទឹក ប្រធានាធិបតី លោក Miguel Diaz-Canel បានបន្ទោសស្ថានភាពដ៏លំបាកនេះថា កើតឡើងដោយសារតែ ការរឹតបន្តឹងកាលពីអំឡុងពេលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីអាមេរិក តាមរយៈការហ៊ុមព័ទ្ធពាណិជ្ជកម្ម មកលើគុយបា រយៈពេល ៦ឆ្នាំ។ ប៉ុន្តែជាក់ស្តែង ប្រទេសដីកោះមួយនេះ បានស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ ដោយបើតាមអ្នកជំនាញ គឺចាប់តាំងពីការដួលរលំនៃអតីតសហភាពសូវៀត ដែលជាអ្នកឧបត្ថម្ភធនយ៉ាងសម្បើម ដល់គុយបា៕ ដោយធីរីណា
រូបថត: AFP