អភិបាលខេត្តបាត់ដំបង ប្រគល់ផ្ទះ ១ខ្នង ជូនពលរដ្ឋក្រីក្រ និងផ្តល់អំណោយមនុស្សធម៌ដល់ពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារ នៅស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នេះ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់លោកស្រី លោកឈួន យ៉ន  អាយុ៥៧ឆ្នាំមានជំងឺរៃរ៉ៃ និងមានកូនប្រុសពិការភាពមានជីវភាពក្រីក្រខ្លាំង និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារមកពីភូមិចំនួន៧ ក្នុងឃុំហប់ ស្រុកគាស់ក្រឡ  ខេត្តបាត់ដំបង ។

លោក ញឹក សារ៉ែន ប្រធានអនុសាខាស្រុកគាស់ក្រឡ បានឲ្យដឹងថាក្រុមគ្រួសារ លោក ឈួន យ៉ន មានជីវភាពទ័លក្រ មានជំងឺប្រចាំកាយ និងមានកូនពិការភាព ហើយ ផ្ទះចាស់មានសភាពចាស់ទ្រុឌទ្រោម ពេលមានភ្លៀងម្តងៗ ធ្លុះធ្លាយលិចពិបាកក្នុងរស់នៅ ក្រៅពីទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន គ្រួសារលោកក៏ទទួលបានការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប័ណ្ណសមធម៌ផងដែរ ។

ក្នុងឱកាសនោះ លោក សុខ លូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងបានចូលរួមត្រេកអរចំពោះលោកស្រីស៊ុន លន ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។ 

លោក ប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់លោ និង អ៊ំពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។ ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេលទៅដោយទឹក នៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះ ក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។

សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១៥ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។

ជាកិច្ចឆ្លើយតប លោកឈួន យ៉ន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណ´កម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងបានផ្តល់ថវិកាសម្រាប់ការរៀនសូត្របន្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 

ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានផ្តល់ជូន អំណោយ សម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ៤កេស និងថវិកា៤០ម៉ឺនរៀល ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រ មកពី៧ភូមិក្នុងឃុំហប់ចំនួន ៥០គ្រួសារ ដោយមួយគ្រួសារទទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print