ភ្នំពេញ ៖ យុវជនម្នាក់ទៅសុំបារីគេជក់ បែរជាយកដៃទៅអង្អែលថ្ពាល់គេ ក៏ត្រូវក្រុមយុវជន៦នាក់ទៀតព្រួតវាយ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះបានទៅអង្គុយផឹកស៊ីនៅហាងមួយកន្លែង ដែលមានស្លាកយីហោ “កេណី ” ចៃដន្យក៏បានជួបអ្នកស្គាល់គ្នា ដែលធ្លាប់អង្គុយផឹកកាហ្វេពេលថ្ងៃជាមួយគ្នាកន្លងមក ទើបជនរងគ្រោះដើរទៅក្បែរជនបង្ក ក្នុងគោលបំណងសុំបារីជក់។ ប៉ុន្តែនៅពេលដែលទៅសុំបារីជក់ ជនរងគ្រោះបានប្រើកាយវិការប្លែក ដោយយកដៃរបស់ខ្លួនទៅអង្អែលថ្ពាល់ជនបង្ក ព្រមទាំងសុំបារីជក់។ បន្ទាប់ពីសុំរួច មិនដឹងថាភាគីខាងបង្កខឹងរឿងអ្វីនោះទេ ក៏បានហៅជនរងគ្រោះចេញទៅខាងក្រៅ រួចក៏នាំគ្នា៦នាក់ ព្រួតវាយជនរងគ្រោះតែម្តង។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថាគាត់បានទៅសុំបារីគេជក់ធម្មតា ដោយសារធ្លាប់ស្គាល់គ្នា តែមិនដឹងរឿងហេតុអីបានជាពួកគេនាំគ្នា៦នាក់ ព្រួតវាយគាត់តែម្នាក់ឯងបែបនេះ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចក៏បានចុះមកដល់ និងបាននាំខ្លួនជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ដើម្បីធ្វើការសាកសួរនាំ និងស្រាវជ្រាវរកក្រុមជនសង្ស័យដែលបានបង្ក៕ជ្រោយពេជ្រ