ជំនួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មហុងកុង (Hong Kong General Chamber of Commerce)

ចែករំលែក៖

ភ្នំពេញ : ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មហុងកុងតំណាងដោយ លោក Dewan Saiful Alam ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ី, អាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលមានបំណងឈ្វេងយល់អំពីបរិយាកាស, សក្តានុពល និងកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការរងបានធ្វើការពិពណ៌នាជូនសមភាគីអំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចជាតិដែលបាន និងកំពុងរីកលូតលាស់ប្រកបដោយភាពធន់តាមរយៈកំណើនសេដ្ឋកិច្ចជាលំដាប់, អត្រាអតិផរណាដែលអាចគ្រប់គ្រងបាន,កំណើននៃរំហូរវិនិយោគ, អត្រាប្តូរប្រាក់ដែលមានស្ថិរភាព, និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់តួអង្គពាក់ព័ន្ធក្នុងការចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនភាគីមិត្តអំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់សំដៅបង្កភាពងាយស្រួលសម្រាប់វិនិយោគិនក្នុងការបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពកក់ក្តៅ។

ជាកិច្ចបន្ត លោក Dewan បានថ្លែងអំណរគុណជូនចំពោះក្រុមការងារដែលបានចំណាយពេលវេលាក្នុងការទទួលជួបពិភាក្សាការងារ និងពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាស, សក្តានុពល និងកាលានុវត្តភាពវិនិយោគជូនគណៈប្រតិភូនាឱកាសដ៏ប្រពៃនេះ។ ស្របគ្នានេះ លោកក៏បានសម្តែងនូវការកត់សម្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិស្ថានធុរកិច្ចសំដៅផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត និងការថែទាំជូនវិនិយោគិន។ មុននឹងបញ្ចប់ លោកបានបង្ហាញនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួតរវាងសហគមន៍ធុរកិច្ចហុងកុងសំដៅទាក់ទាញវិនិយោគិនបន្ថែមទៀតឱ្យមកចាប់យកឱកាសវិនិយោគនៅកម្ពុជា ហើយដែលសភាពាណិជ្ជកម្មហុងកុងមានក្តីសោមនស្សរីករាយក្នុងការគាំទ្រនិងផ្សព្វផ្សាយដល់សមាជិករបស់ខ្លួន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print