សិង្ហបុរី៖ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ (28th ASEAN Labour Ministers’ Meeting – ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍” នាថ្ងៃទី៣០-៣១ ខែ តុលា ឆ្នាំ២០២៤ នៅក្នុងប្រទេសសិង្ហបុរី ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងហត្ថពលកម្មសិង្ហបុរី និងមានការចូលរួមពីរដ្ឋមន្ត្រី/ប្រធានប្រតិភូក្រសួងការងារនៃរដ្ឋជា សមាជិកអាស៊ាន, រដ្ឋមន្រ្ដីការងារទីម័រឡេស្ដេ ក្នុងឋានៈ ជាអ្នកសង្កេតការណ៍ និងអគ្គលេខាធិការអាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះលោក ហេង សួរ បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាពនៃគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសករ ក្នុងតំបន់អាស៊ាន ដែលត្រូវបានប្រមុខដឹកនាំអាស៊ានកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ។ ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការជាមួយរដ្ឋជាសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់ជូនពលករទេសន្តរប្រវេសន៍នៃបណ្ដាប្រទេសអាស៊ាន នូវលទ្ធភាពទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដោយមិនគិតពីការបម្លាស់ទីនៅក្នុងតំបន់ ដែលស្របនឹងមូលបទរបស់ប្រទេសសិង្ហបុរីឆ្នាំនេះ គឺ “ការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍”។ គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែជួយពង្រឹងសាមគ្គីភាព និងបរិយាប័នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់អាស៊ាននៅលើឆាកអន្ដរជាតិ ពិសេសក្នុងការលើកកម្ពស់ស្តង់ដាការងារប្រកបដោយសុខុមាលភាពនៅក្នុងតំបន់ផងដែរ។
នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះដែរ រដ្ឋមន្រ្តី/តំណាងប្រតិភូការងារមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការ អនុវត្តនូវគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសករ ក្នុងតំបន់អាស៊ាន ដោយបានកំណត់ទិសដៅឱ្យឧត្តមមន្រ្ដីការងារអាស៊ាន (SLOM) ធ្វើការពិភាក្សាលម្អិតលើយន្ដការក្នុងការអនុវត្តបានយ៉ាងពេញលេញនូវគោលការណ៍ណែនាំអាស៊ាននេះ ដូចមាននៅក្នុងសេចក្តីថ្លែងការណ៍រួម (Joint Communique) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការងារនៃបណ្ដាប្រទេសអាស៊ានទាំងអស់ បានអនុម័តន “សេចក្តីថ្លែងការណ៍រួម (Joint Communique) នៃកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ” ដែលជាឯកសារគោលក្នុងការអនុវត្តការងារបន្ដក្នុងរយៈពេល ២ឆ្នាំទៅមុខ៕