រថយន្ដស៊េរីទំនេីបបេីកបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឱ្យបាក់ជើងឆ្វេងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តស៊េរីទំនេីបនឹងម៉ូតូមួយគ្រឿងបណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ដោយបាក់កជើងខាងឆ្វេងម្ខាង ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវហាណូយ កែងផ្លូវ២៨គ្រួសារ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ   ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូ SUZUKI SMASH V ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CQ-6109 ធ្វើដំណើរចេញពីផ្លូវ២៨គ្រួសារក្នុងគោលបំណងបត់ឡើងទៅផ្លូវហាណូយ ។ ស្របពេលនោះក៏ស្រាប់តែមានរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក GAC ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CB-0110 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ រថយន្តក៏បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្ចាស់ម៉ូតូដួលរងរបួសបាក់កជើងខាងឆ្វេង ។ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចព្រមទាំងបានហៅរថយន្តសាមុយ ដើម្បីមកទទួលបុរសរងគ្រោះយកទៅព្យាបាលរបួសផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print