ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វេីសកម្មភាពឆ្កឹះសោបន្ទប់ជួល ហើយខណៈដែលកំពុងឆ្កឹះស្រាប់តែម្ចាស់មកទាន់ដេញចាប់បានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤នឹង៣០នាទីទៀបភ្លឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅបន្ទប់ជួលក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានឱ្យដឹងថា បន្ទប់ជួលរបស់គាត់តែងតែមានជនសង្ស័យចូលឆ្កឹះសោច្រើនដងមកហើយ តែមិនដែលចាប់បានចោរម្តងណាឡេីយ ទើបតែយប់ថ្ងៃកេីតហេតុគាត់បានរង់ចាំមេីល។ លុះមកដល់វេលាកេីតហេតុក៏ស្រាប់តែឃេីញជនសង្ស័យ២នាក់ចូលមកធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលរបស់គាត់ទៀត ភ្លាមនោះ គាត់ក៏បានដេញចាប់ និងស្រែកថាចោរៗ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដេញឃាត់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់។
ក្រោយឃាត់ជនសង្ស័យបាន ជនរងគ្រោះបានទូរស័ព្ទទៅសមត្ថកិច្ច នគរបាលប៉ុស្តិ៍ដេីម្បីមកនាំខ្លួនជនសង្ស័យយកទៅចាត់ការតាមនីតិវិធី ៕ ដោយ ៖សុខាសែនជ័យ