ភ្នំពេញ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់ នៅភូមិត្រពាំងព្រីង សង្កាត់-ក្រុងក្រចេះ ខេត្ត ក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយ មានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា,ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាស្នើសុំឱ្យភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រ ចិត្តសម្ដេចនិងស្នងការនគរបាលរាជធានីភ្នំពេញសម្រប សម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។
បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយកចិត្តទុក ដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់ឱ្យពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ ៕