អភិបាលខេត្តស្វាយរៀង អញ្ជេីញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣,៧២១ប័ណ្ណ នៅក្រុងបាវិត​

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិធ្លក សង្កាត់ច្រកម្ទេស ភូមិប្រាសាទ សង្កាត់ប្រាសាទ និងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត សរុបចំនួន៣,៧២១ប័ណ្ណ ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត  លោក លោកស្រីប្រធានមន្ទីរ -អង្គភាពនានាក្នុងខេត្ត លោកអភិបាល អភិបាលរងក្រុងបាវិត និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៥០០នាក់។ 

មានប្រសាសន៍ទៅកាន់ពិធីនេះ លោក អភិបាលខេត្ត បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំង សម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកស្រីបណ្ឌិតសភាចារ្យ  ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះអាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅសង្កាត់ច្រកម្ទេស សង្កាត់ប្រាសាទ និងសង្កាត់បាវិតក៏ដូចជានៅទូទាំងក្រុងបាវិតទាំងមូល ។

លោកបន្តថា ក្នុងរយៈពេល ១១ខែមកនេះ ថ្ងៃនេះគឺជាលើកទី៦ហើយដែលក្រុមការងារសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ១៣៩ភូមិ ស្មើនឹង ១០៤.៧១០ប័ណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋ បានប្រមាណជាង ៥ម៉ឺន ប័ណ្ណ។ ជាមួយគ្នានេះ ក្នុងមូលដ្ឋានក្រុងបាវិតបានដំណើរការចុះបញ្ជីដីធ្លីរួចរាល់ស្ទើរតែគ្រប់ភូមិ និងសង្កាត់ ដោយបច្ចុប្បន្នគឺនៅសល់តែ ១ភូមិ ទៀតប៉ុណ្ណោះ ប៉ុន្តែក៏កំពុងបន្តចុះវាស់វែង នឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខផងដែរ ។

លោកបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការអរគុណ និងកោតសរសើរបងប្អូនមន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ។

លោកបានផ្ដាំផ្ញើដល់អាជ្ញាធរ និងកងកម្លាំងមូលដ្ឋាននូវបញ្ហាមួយចំនួនដូចជា៖

-ត្រូវបន្ត យកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ សង្កាត់មាន សុវត្ថិភាព។ 

-ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ 

-ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងការលេង ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់នៅមូលដ្ឋាន ជាពិសេសគឺបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print