អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពជំនន់ទឹកភ្លៀងដើមរដូវប្រាំង ដែលជន់លិចស្រែស្រូវប្រាំងប្រជាកសិករ នៅផ្នែកខ្លះក្នុងឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ សម្រាប់ដាំស្តារឡើងវិញនៅពេលទឹកស្រក។

ក្នុងការចុះពិនិត្យជាក់ស្តែង លោក អភិបាលខេត្ត បានថ្លែងថា ក្រោយពីការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែងយើងឃើញថា ដំណាំស្រូវទាំងអស់អាចនឹងប្រឈមការខូចខាតទាំងស្រុង ព្រោះថា ស្រូវរបស់ប្រជាកសិករយើងទើបតែព្រោះបានពី ៧ ទៅ ១០ ថ្ងៃតែប៉ុណ្ណោះ ហើយស្ថានភាពទឹកក៏នៅជន់លិចរយៈពេលយូរទៀតដែរ។

លោក អភិបាលខេត្ត បន្ដថា នៅចំពោះមុខនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គឺយើងត្រៀមធ្វើផែនការដើម្បីស្នើរសុំអន្តរាគមន៍ស្រូវពូជសម្រាប់ឱ្យប្រជាកសិកររបស់យើង មានលទ្ធភាពស្តារឡើងវិញ នៅពេលទឹកស្រក។

លោក អភិបាលខេត្ត ក៏បានផ្តាំផ្ញើជូនបងប្អូនប្រជាកសិករសូមកុំអស់សង្ឃឹមត្រូវខិតខំបង្កបង្កើនផលស្រូវ ឬដំណាំរួមផ្សំផ្សេងៗទៀត និងត្រូវចាំទុកថា អំឡុងរដូវប្រាំនេះកំដៅអាចឡើងខ្ពស់ចន្លោះពី ៤៥ ទៅ ៤៦ អង្សារសេ ដូច្នេះត្រូវត្រៀមស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃព្រោះអាចប្រឈម នឹងការកង្វះខាតទឹក។

បើតាមការចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងដំណាំស្រូវរបស់ប្រជាកសិករដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ក្នុងស្រុកបាកាន គឺខូចខាតសរុបប្រមាណ ១០០ ហិចតា ស្មើរនឹង ៥២ គ្រួសារ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print