សម្តេចធិបតី ៖ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមគាំទ្រដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលបានរួមគ្នារៀបចំទិវាជាតិដ៏មាន

សារៈសំខាន់នេះ។ ទិវាជាតិអាហារូបត្ថម្ភត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នាថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយអំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
សម្តេចធិបតី បន្តថា ៖ ទិវាជាតិអាហារូបត្ថម្ភ លើកទី១១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ “អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន” ស្របពេលដែលអង្គការសហប្រជាជាតិនឹងរៀបចំសន្និសីទកំពូលស្តីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីផ្តល់ឱកាសឱ្យរដ្ឋជាសមាជិកបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីស្តីពីអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ពិសេស គោលដៅទី២ គឺបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភមានភាពប្រសើរឡើងនិងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព និងគោលដៅទី៣គឺ ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនមានសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូបនិងគ្រប់វ័យ។
សម្តេចថា ៖ ក្នុងរយៈពេលកន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អាទិភាពចម្បងទៅលើ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងចាត់ទុកការវិនិយោគលើអាហារូបត្ថម្ភ គឺជាកម្លាំងពន្លឿនក្នុង ការជួយបង្កើនល្បឿនដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដទៃទៀត។ ក្នុងរយៈពេល ជាង២០ឆ្នាំនេះ វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ មានការរីកចម្រើនគួរជាទីមោទនៈ ជាក់ស្តែង ពិន្ទុសន្ទស្សន៍នៃភាពអត់ឃ្លានសកល (Global Hunger Index) បានធ្លាក់ចុះពី៤១,៤០ នៅឆ្នាំ២០០០មកត្រឹម១៤,៩០ នៅឆ្នាំ២០២៣។ តាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា ចាប់ពី ឆ្នាំ២០០០ដល់ឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ បាន ធ្លាក់ចុះពី៥០ភាគរយមកត្រឹម២១,៩០ភាគរយ អត្រាស្គមស្គាំងបានធ្លាក់ចុះពី១៧ភាគរយ មកត្រឹម ៩,៦០ភាគរយ អត្រាកុមារមិនគ្រប់ទម្ងន់ បានធ្លាក់ចុះពី៣៩ភាគរយ មកត្រឹម១៦ភាគរយ ហើយអត្រា មិនគ្រប់ទម្ងន់របស់ស្ត្រីក្នុងវ័យបន្តពូជ ក៏បានធ្លាក់ចុះពី២០,៦០ភាគរយ មកត្រឹម១០,៥៥ភាគរយ។
សម្តេចធិបតី ថ្លែងថា ៖ ឈរលើបរិបទនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជានាពេលបច្ចុប្បន្ន បានធ្វើឱ្យប្រជាជន ផ្លាស់ប្តូររបៀបរស់នៅ និងផ្លាស់ប្តូរឥរិយាបថក្នុងការបរិភោគអាហារ។ ការផ្លាស់ប្តូរទាំងនេះមានឥទ្ធិពល ជាវិជ្ជមានលើស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជន។ ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្ត ទុកដាក់ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ បញ្ហាកង្វះមីក្រូសារជាតិ និងបញ្ហាថយចុះអត្រាបំបៅកូនដោយ ទឹកដោះម្តាយតែមួយមុខគត់ បញ្ហាធាត់និងលើសទម្ងន់ក៏មាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ របបអាហារមិនល្អ និងការធ្វើលំហាត់ប្រាណមិនបានគ្រប់គ្រាន់ ក៏ជាកត្តាហានិភ័យនៃបញ្ហាសុខភាព សាធារណៈ និងធ្វើឱ្យចុះខ្សោយប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺគ្រប់ប្រភេទ។ ការទទួលទានអាហារ ដែលមានថាមពលខ្ពស់ ជាតិខ្លាញ់ ស្ករ ឬអំបិលច្រើន និងការបរិភោគបន្លែ ផ្លែឈើមិនបានគ្រប់គ្រាន់ គឺជា ហេតុផលចម្បងបណ្តាលឱ្យមានជំងឺមិនឆ្លងនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺឡើងសម្ពាធ ឈាមខ្ពស់ ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីក។ល។ ឈរលើកត្តាទាំងនេះ រាជរដ្ឋាភិបាលសូម អំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធ ត្រូវចូលរួមផ្លាស់ប្តូររបៀបផលិត របៀបកែច្នៃ របៀបធ្វើអាជីវកម្ម របៀបរបប ការបរិភោគអាហារ និងការរស់នៅ ដើម្បីថែរក្សាសុខភាព និងសុខុមាលភាពម្នាក់ៗឱ្យបានល្អ។
ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា យើងទាមទារឱ្យមានកិច្ចសហការ ការ សម្របសម្រួល កិច្ចអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ កិច្ចគាំពារសង្គម ទឹកស្អាតនិងអនាម័យ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print