ភ្នំពេញ÷ ស្ត្រីម្នាក់ត្រូវប្តីនិងស្រីស្នេហ៍វ៉ៃរលូតកូន នៅគ្រាស្ត្រីរងគ្រោះទៅតាមប្តីដល់ផ្ទះស្រីស្នេហ៍ ក៏មានការទាស់សម្តីគ្នា រហូតឈានដល់ការប្រើអំពើហិង្សាតែម្តង។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិត នៅបុរីមួយកន្លែង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនរបស់ស្ត្រីរងគ្រោះបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះមានផ្ទៃពោះរយៈពេល២ខែ បាននាំកូនប្រុស,ស្រី និងបងប្អូនទៅតាមរកប្តីដល់ផ្ទះស្រីស្នេហ៍របស់ប្តី ដែលមានទីតាំងស្ថិតនៅក្នុងបុរីមហាសែនសុខ ។ លុះពេលទៅដល់ ស្ត្រីរងគ្រោះបានគោះទ្វារផ្ទះនោះ ហៅប្តីរបស់គាត់ ដើម្បីឱ្យចេញមកក្រៅនិយាយរកខុសត្រូវ ប៉ុន្តែមិនទាន់បាននិយាយខុស ត្រូវផង ស្រាប់តែស្រីស្នេហ៍របស់ប្តីបើកទ្វារចេញមកក្រៅ ទាស់សម្តីគ្នា ឈានដល់ការលោតធាក់ស្ត្រីរងគ្រោះ ។ ភ្លាមៗនោះ ប្តីរបស់ស្ត្រីរងគ្រោះបានចេញមកថែមមួយជង្គង់ទៀត ធ្វើឱ្យស្ត្រីរងគ្រោះខ្ទាតទៅផ្ទប់ត្រូវនឹងម៉ូតូ បណ្តាលឲ្យហូរឈាមដាបពេញខាងមុខផ្ទះ និងបានរលូតកូនតែម្តង។
តាមការរៀបរាប់របស់ប្អូនស្រីស្ត្រីរងគ្រោះបានឲ្យដឹងថា មុននិងស្ត្រីរងគ្រោះឈានដល់ការទៅតាមរកប្តីដល់ផ្ទះស្រីស្នេហ៍នេះ គឺកាលពីកន្លងមក ស្ត្រីរងគ្រោះនិងប្តី មានទំនាស់មិនចុះសម្រុងគ្នា និងបានទៅដាក់ពាក្យសុំលែងលះម្តងរួចមកហើយ ប៉ុន្តែនៅភូមិឃុំ-សង្កាត់បានជួយសម្របសម្រួល ដោយឱ្យភាគីប្តីធ្វើកិច្ចសន្យាឈប់បន្តការទាក់ទងជាមួយស្ត្រីស្នេហ៍បន្តទៀត ទើបស្ត្រីរង គ្រោះបានជឿជាក់លើប្តីវិញ ។ លុះមុនពេលបុណ្យ ភ្ជុំបិណ្ឌ ស្ត្រីរងគ្រោះបានឃើញសភាពប្តី ប្លែកដូចកាលលួចមានស្រី ទើបស្ត្រីរងគ្រោះតាមដាន ហើយដឹងថា ប្តីលួចមានស្រី នៅបុរីមួយកន្លែងខាងលើ ទើបស្ត្រីរងគ្រោះមានបំណងទៅដល់ផ្ទះស្រីស្នេហ៍នោះ ដើម្បីនិយាយឱ្យដាច់ស្រេច ថានៅជាមួយគាត់ទៀត ឬនៅជាមួយស្រីស្នេហ៍ និងចង់បានទ្រព្យសម្បត្តិដែលខ្លួនមាន ដូចជាម៉ូតូដែលទិញឱ្យប្តី យកមកវិញតែប៉ុណ្ណោះ ។
ប៉ុន្តែមិនទាន់បាននិយាយរឿងនោះផងក៏ស្រាប់តែត្រូវស្រីស្នេហ៍របស់ប្តីលោតធាក់ ព្រមទាំងបុរសជាប្តីចូលរួមប្រើហិង្សាបន្ថែមទៀត ដោយថែម១ជង្គង់បណ្តាលឲ្យកូននៅក្នុងផ្ទៃត្រូវបានរលូត ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនប្តី ស្ត្រីរងគ្រោះ និងស្រីស្នេហ៍ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីសាកសួរនាំនិងអនុវត្តតាមនីតិវិធី ខណៈស្ត្រីរង គ្រោះត្រូវសមត្ថកិច្ច ឱ្យបងប្អូនបញ្ជូនទៅពេទ្យឯកជនដែលនៅជិតនោះភ្លាមៗដើម្បីសង្គ្រោះ ។ ដោយសារស្ត្រីរងគ្រោះមានឈាមហូរច្រើនពេក ទើបពេទ្យឯកជនឱ្យបញ្ជូនទៅពេទ្យសម្ពពក្រុងវិញ ដើម្បីឱ្យពេទ្យជំនាញសង្គ្រោះ ៕