ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់រួមទាំងម្ចាស់ម៉ូតូផងបាននាំគ្នាស្រែកឆោឡោ និងដេញចាប់ ចោរលួចកាច់សោកម៉ូតូម្នាក់ទាល់តែបានសម្រេចហើយបានវាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនទើបយកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
មន្ដ្រីនគរបាលកន្ទោកបានដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋចាប់បានយកមកប្រគល់ឲ្យសមត្ថកិច្ចនេះ ឈ្មោះ ជួន ចិត្រ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រែញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកគីរីវង្ស ខេត្តតាកែវ។ រីឯម្ចាស់ម៉ូតូឈ្មោះ ហៀម ទិត្យវិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ មួយគ្រឿង ស៊េរីឆ្នាំ២០១៦ នៅខាងមុខផ្ទះ ហើយបានដើរទៅអង្គុយលេងជាមួយមិត្តភក្តិនៅផ្ទះម្ខាង ចម្ងាយប្រហែលជាង១០ម៉ែត្រ ។ មួយសន្ទុះស្រាប់តែឮសំឡេងម៉ូតូ ហើយគាត់បានសង្ស័យថាជាសំឡេងម៉ូតូនេះជាសំឡេងរបស់គាត់ក៏បានចេញមកអើតមើលស្រាប់តែឃើញជនសង្ស័យកាច់កម៉ូតូរបស់គាត់បានសម្រេចរួចជិះចេញ ទើបផ្អើលស្រែកឆោឡោ ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញចាប់បានវាយទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់តែម្តង ៕
ដោយ៖ ប្រាថ្នា