ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយជោគជ័យ។
ក្នុងអំឡុងពេលស្នាក់នៅ ក្នុងទីក្រុងគុនមិញ សម្តេចធិបតី ក៏មានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេសផងដែរ។ ជាក់ស្តែង សម្តេចមហាបរវធិបតី ក៏បានអនុញ្ញាតឱ្យបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនចិននានា ចូលជួបសម្តែងការគួរសមផងដែរ។ ដោយថ្នាក់ដឹកនាំក្រុមហ៊ុនចិនជាច្រើន បង្ហាញចំណាប់អារម្មណ៍ ក្នុងការបណ្តាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលពោរពេញដោយឱកាស និងសក្តានុពល។
ជាមួយនេះ សម្តេចធិបតី បានជួបពិភាក្សាងារងារជាមួយ នាយឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានជម្រាបជូនសម្ដេចបវរធិបតី អំពីស្ថានការណ៍នយោបាយទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកល នាពេលខាងមុខ របស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងបានអរគុណកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងទស្សនទានមួយចំនួន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ ជាការឆ្លើយតប សម្ដេចបវរធិបតី សង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ៕
ដោយ : ស តារា