ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថាៈ កាលពីម៉ោង១៤និង៤៥នាទីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសបានបេីកការស្រាវជ្រាវករណីឃាតកម្មគិតទុកជាមុន ជំរិតទារប្រាក់និងលួចមានស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត ឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន០១នាក់ ឈ្មោះ ស៊ុន ជីជៀ (យ៉ាងយ៉ាង) ភេទប្រុស អាយុ៤៨ឆ្នាំ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្នុងចំណោមបក្ខពួក០៣នាក់ទៀត ព្រមទាំងចាប់យកវត្ថុតាង រថយន្ត ម៉ាកHyundai Staria ពណ៌ទឹកប្រាក់ ផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខ សៀមរាប 2D-2253 ចំនួន ០១គ្រឿង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងបន្តកិច្ចស្រាវជ្រាវដោយសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ដេីម្បីស្វែងរកបក្ខពួកចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសបានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ ទូច កញ្ញា (ហេង) ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធជនរងគ្រោះ ស្ដីពីករណីបាត់ប្ដីជនជាតិចិនឈ្មោះ ជឹង ហ័រកាង ( ខាង) ភេទប្រុស អាយុ៣១ឆ្នាំ មានអាសយដ្ឋាន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានបាត់ខ្លួនកាលពីវេលាម៉ោង០៣និង០៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កន្លងមក នៅចំណុចបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយប្រពន្ធជនរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានជិះរថយន្តម៉ាក Range Rover ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2BA- 8553 ទៅលេងផ្ទះបងប្អូនជីដូនមួយនៅបុរីឌឹផាកស៊ីធី ក្រោយមកនៅវេលាម៉ោង០១និង១០នាទីយប់ ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនជីដូនមួយវិញ ក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បន្តទៀតថា ក្រោយពីបានទទួលបណ្ដឹងខាងលើរួច យើងបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៥ និង០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរកឃើញរថយន្តរបស់ជនរងគ្រោះខាងលើបានប្លុងចោលនិងបានដោះផ្លាកលេខចេញ។ បន្ទាប់មកកម្លាំងបានធ្វើការឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខាងលេី ឃេីញមានរថយន្តចំនួន០១គ្រឿងម៉ាកHyundai Staria ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តជនរងគ្រោះខាងលើយកមកប្លុងចោល ហើយបើកចេញបាត់តែម្តង។
ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញបានយករថយន្តខាងលើមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង០៦និង០០នាទី ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹក នៅចំណុចអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយកម្លាំងបានចុះទៅដល់កន្លែងកើតហេតុឃើញថា សាកសពនោះជាសពជនរងគ្រោះខាងលើ មានសភាពហើមជាំ និងមានចងភ្ជាប់ជាមួយដុំដែកចំនួន០២ដុំ ទម្ងន់២០គីឡូក្រាម ហើយកម្លាំងជំនាញបានបន្តបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយវណ្ណា