ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកេីតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុកចំហៀងក្រោយរថយន្តមួយគ្រឿងម៉ាក Toyota Prius ហេីយខ្ទាតបោកប៉ះរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៥:២៤នាទី ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ទី១/ ភាគីម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1U-0702 បើកបរដោយឈ្មោះ ហែម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ )។ ទី២/ភាគីរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BP-1930 បេីកបរដោយឈ្មោះ រស់ រតនា ភេងប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួនប្រគល់អោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ) ។ រីឯទី៣/ភាគីរថយន្តពុំស្គាល់ម៉ាក និងផ្លាកលេខ (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បើកបរគេចខ្លួនបាត់ពីកន្លែងកើតហេតុ)
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីរថយន្ត TOYOTA PRIUS និងម៉ូតូ SUZUKI NEX បើកបរក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើ ភាគីម៉ូតូក៏បានបុកពីក្រោយជំហៀងខាងឆ្វេងនៃភាគីរថយន្ត TOYOTA PRIUS បណ្ដាលឲ្យខ្ទាតបោកប៉ះភាគីរថយន្តពុំស្គាល់ម៉ាក និងផ្លាកលេខ ដែលបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតមកលិចពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកេីតហេតុតែម្ដង ។
ក្រោយកេីតហេតុ សពជនរងគ្រោះខាងលេី ត្រូវបានសមត្ថកិច្ចជំនាញធ្វេីលិខិតប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើដោយនៅសល់វត្ថុតាំងទាំងប៉ុន្មានត្រូវបានប្រគល់ឲ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ