ខេត្តកណ្តាល៖ រយៈពេលជាច្រើនឆ្នាំមកហើយដែលប្រជាពលរដ្ឋនៅភូមិឈើ ទាលអភ័ព្វនិងរងគ្រោះដោយសារផ្លូវលំចូលភូមិឈើទាលមានការលំបាកក្នុងការធ្វើ ដំណើរចេញចូលឆ្លងកាត់ទៅមកក្នុងមូលដ្ឋាន ។ តែទោះមានការលំបាកយ៉ាងណា អាជ្ញាធរបាន ត្រឹមនិយាយដោះសាតែពាក្យម្យ៉ាងគឺអត់លុយ ប៉ុន្តែវិធាការទប់ស្កាត់កុំឲ្យផ្លូវលំ រងការខូចខាតគឺគ្មានទាល់តែសោះ ។ ជាក់ស្តែងរដូវប្រាំងកន្លងមកអាជ្ញាធរភូមិឃុំមិនមានផែនការទប់ស្កាត់ដល់ក្រុមឈ្មួញថៅកែរថយន្តដឹកដីនោះទេ ទោះគេចង់ដឹកដីខូងផ្លូវយ៉ាងណាក៏ចេះតែដឹកទៅសំខាន់ឲ្យតែថៅកែទាំងនោះចេះស្គាល់ថ្នាក់ដឹកនាំ មូលដ្ឋាន ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះយាង សុផាន រស់នៅភូមិឈើទាលក្នុងឃុំព្រែកអញ្ចាញស្រុកមុខកំពូលបានត្អូញត្អែថរារូបគាត់មានផ្ទះជាប់នឹងផ្លូវលំមានការលំបាកក្នុងការ រស់នៅខ្លាំងណាស់ ។ នៅរដូវប្រាំងក្រុមរថយន្តដឹកដីមិនព្រមចាក់ទឹកធ្វើឲ្យដីហុយ ដូចផ្សែងរកតែដេកពួនថ្ងៃពុំបានពេលរដូវ វស្សារថយន្តនៅតែធ្វើសកម្មភាពដឹកដីបែកភក់រអិលជិះម៉ូតូកង់មិនកើត ។ អ្វីដែលកើតមានរាល់ថ្ងៃរូបគាត់បានយកឈើទៅឃាត់ឃាំងរថយន្តទាំងនោះមិនឲ្យធ្វើសកម្មភាព តែបែរជាគេចង់លាបពណ៌គាត់ថា ជាក្រុមប្រឆាំង។ ទង្វើនេះអាជ្ញាធរមិនត្រូវគិតបែបនេះទេគួរតែឧស្សាហ៍ចុះពិនិត្យ មើលការខុសត្រូវដល់ការរងគ្រោះពួក គាត់ផង ។
ចំណែកមេឃុំព្រែកអញ្ចាញ លោកមិនយ៉ុនបានប្រាប់អ្នកយកព័ត៌មានថាចំពោះរឿងរថយន្តដឹកដីបំផ្លាញផ្លូវគាត់បានឲ្យ សិទ្ធិដល់ពលរដ្ឋទាំងអស់ដែលរងផល ប៉ះពាល់សូមជួយមើលការខុសត្រូវបើរថយន្តណាធ្វើមិនគប្បីឲ្យជួយឃាត់ទុកឲ្យ គាត់ដើម្បីចាត់វិធានការតាមច្បាប់ ។
ការនិយាយរបស់មេឃុំនេះត្រូវបានពលរដ្ឋជាច្រើនលើកឡើងថាការនិយាយរបស់លោកមេឃុំគឺគ្រាន់តែឲ្យពីរោះស្តាប់ និង ល្អមើលតែប៉ុណ្ណោះ ។ បើគាត់មានចិត្តចង់ជួយពលរដ្ឋកម្លាំងប្រជាការពារគគោកនិងមេភូមិពីរទៅបីនាក់គួរតែគាត់ប្រើប្រាស់ កម្លាំងទាំងនោះឲ្យយាមកាមឬក៏ឃាត់រថយន្តឲ្យម្ចាស់ធ្វើកិច្ចសន្យាវាចប់រឿងទៅហើយបើឲ្យពលរដ្ឋគាត់ជាអ្នកឃាត់មិន មានសិទ្ធិទេ ព្រោះខ្លាចគេលាបពណ៌ផង ៕
ដោយ៖ ឡូសំអាត