សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល»

ចែករំលែក៖

ខេត្តកែប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានបានមានប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ»។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី​ ថ្លែង​ចូលរួមអបអរសាទរសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋនៅក្រុងកែប និងប្រជាជនទាំងអស់ សមិទ្ធផលថ្មីដែលសម្ពោធថ្ងៃនេះ ជាសរសៃឈាមតភ្ជាប់វិស័យទេសចរណ៍ និងអាចជិះកង់ពីភ្នំពេញមកខេត្តកែប តាមតំបន់ឆ្នេរសមុទ្រ ។

-សម្ដេចធិបតី ថ្លែងថា​ រយៈពេលជិត ១៥ ខែនៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងនោះមានដូចជាសម្ពោធផ្លូវថ្មីៗ ស្ពាន ព្រែកជីកហ្វូណនតេជោ ពង្រីក និងរៀបចំប្រព័ន្ធភ័ស្តុភារកម្មនៅកំពង់ផែព្រះសីហនុជាដើម។

-សម្ដេចធិបតី ថ្លែង​ប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬ ភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន ឬ បុគ្គលជាអ្នកទទួលខុសត្រូវលើការ ងារណាមួយ។

-សម្ដេចធិបតី ថ្លែង​ផ្ដាំទៅអ្នកវិភាគនៅក្រៅប្រទេស គឺលោក ជេម សុខ សូមកុំវិភាគតាមបែបស៊ីអារម្មណ៍។ សម្ដេច ជំរុញដល់លោក ជេម សុខ សូមវិភាគលើបញ្ហាណាមួយតាមបែបវិទ្យាសាស្ត្រ។

-សម្ដេចធិបតី​ ក៏បានប្រកាសអញ្ជើញលោក ជេម សុខ ឱ្យមកមើលស្ថានភាពនៅកម្ពុជាជាក់ស្ដែង និងជួបជាមួយរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ហើយអនុញ្ញាតឱ្យផ្សាយផ្ទាល់ (Live) នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬ ថ្នាក់ដឹកនាំ ដែលទទួលខុសត្រូវនៅតាមស្ថាប័នទាំងនោះផងដែរ។

-សម្ដេចធិបតី ប្រកាសថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានជួយដល់ការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើននៅកម្ពុជា។

-សម្ដេចធិបតី ថ្លែងថា​ ការរីកចម្រើននៅកម្ពុជាជាបន្តបន្ទាប់ គឺកើតចេញពីកត្តាចម្បងទី១ គឺសុខសន្តិភាព ស្ថិរភាព ហេតុនេះយើងត្រូវតែការពារសុខសន្តិភាពឱ្យខាងតែបាន ដើម្បីសុបិនល្អទាំងអស់គ្នា។

-សម្ដចធិបតី ថ្លែងថា​ កត្តាសំខាន់ៗដែលធ្វើឲ្យខេត្តកែបមានការរីកចម្រើន គឺកត្តាសន្តិភាព តំបន់កែប កាលពីមុនគឺជាតំបន់សង្គ្រាមជាតំបន់អថេរភាព ដូច្នេះដើម្បីឲ្យយើងមានសុបិន្តល្អ យើងត្រូវការពារសន្តិភាពឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ។

-សម្ដេចធិបតី ថ្លែងថា​ នៅប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមានមន្ត្រី និងសកម្មជនសំខាន់ៗរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសជាច្រើន បានសុំចុះចូលមករួមរស់ជាមួ យនឹងគណបក្សប្រជាជនកម្ពុជា យើងសង្កេតឃើញថា ក្រុមប្រឆាំងនៅក្រៅប្រទេសបានបង្កើតចលនាថ្មីៗជាបន្តបន្ទាប់ រហូតដល់មានបង្កើតជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលស្រមោល ដែលមានតែម្នាក់ឯងថែមទៀត។

-សម្ដេចធិបតី​ លើកជាចម្ងល់ថា ក្រុមប្រឆាំងបង្កើតចលនាថ្មីៗនេះក្នុងគោលបំណងអ្វី ឬ មួយដើម្បីតែបោកប្រាស់ពលរដ្ឋមួយចំនួនតូច និងដើម្បីប្រមូលថវិកា បម្រើប្រយោជន៍ផ្ទាល់ខ្លួន?

-សម្ដេចធិបតី ប្រកាស​ប្ដេជ្ញាការពារសុខសន្តិភាព សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ថែរក្សា​ថេរភាព​នយោបាយមិនឱ្យមនុស្សមួយចំនួនតូច មកបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើសកម្មភាពខុសច្បាប់ ហិង្សានៅក្នុងប្រទេសកម្ពុជានោះឡើយ។

-សម្ដេចធិបតី ថ្លែង​ថា ប្រទេសណាក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលមានចេតនាបង្កចលាចល និងផ្សព្វផ្សាយព័ត៌មានមិនពិតដែរ ឧទាហរណ៍ដូចជានៅចក្រភពអង់គ្លេសជាដើម។

-សម្ដេចធិបតី ទម្លាយឱ្យដឹងថា ករណីលោក ម៉ិច ដារ៉ា គឺផ្សព្វផ្សាយព័ត៌មានខុសហើយ មិនកែសម្រួល ដែលជាហេតុធ្វើឱ្យពលរដ្ឋភាន់ច្រឡំលើរាជរដ្ឋាភិបាល។ ក៏ប៉ុន្តែ ដោយស្មារតីភ្ញាក់រលឹក លោក ម៉ិច ដារ៉ា ក៏បានទទួលកំហុសរបស់ខ្លួន ហើយសុំទោស។ សម្ដេចធិបតី ថា អ្នកប្រព្រឹត្តខុស ហើយចេះកែ តែងទទួលបានការយោគយល់។

-សម្ដេចធិបតី បានប្រកាសជាសាធារណៈថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគេស្គាល់ជាទូទៅថា សាលាតិចណូនោះ មិនមានការលក់ដូរទៅឱ្យនរណា ដូចការផ្សាយរបស់ VOD នោះទេ។

-សម្ដេចធិបតី​ ថ្លែងបញ្ជាក់បន្ថែមថា ការបង្កើតសាខាសាលាតិចណូនៅតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ នោះ គឺដោយសារចំនួននិស្សិតដែលចូលសិក្សានៅសាលានោះកើនឡើងច្រើន។

-សម្ដេចធិបតី ថ្លែងថា កត្តាចម្បងទី២ ដែលធ្វើឱ្យកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ នោះគឺការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

-សម្ដេចធិបតី​ ថ្លែងថា​ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺជំរុញការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់តំបន់នានាឱ្យបានកាន់តែច្រើន ដើម្បីពលរដ្ឋងាយនៅក្នុងការធ្វើដំណើរ និងបានឆាប់ទៅដល់គោលដៅ។

-សម្តេចធិបតី ថ្លែងបញ្ជាក់ថា “ខ្ញុំនឹងមិនឱ្យអាជ្ញាបណ្ណបង្កើតកាស៊ីណូនៅខេត្តកែបជាដាច់ខាត។ បើសុំអាជ្ញាបណ្ណបើក Resort សុំអាជ្ញាបណ្ណបើកតំបន់សេដ្ឋកិច្ចពិសេស សុំអាជ្ញាបណ្ណបើក ECO-Tourism ខ្ញុំនឹងអនុញ្ញាត”។

-សម្ដេចធិបតី ថ្លែងបញ្ជាដល់ថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា រួមទាំងអាជ្ញាធររាជធានី ខេត្ត ត្រូវចាត់វិធានការបំភ្លឺភ្លាមៗ ក្នុងករណីកើតមាននូវបញ្ហាណាមួយទោះតូចក្ដី ធំក្ដី ពិតក្ដី ឬ មិនពិតក្ដី ដែលកើតមាននៅតាមស្ថាប័ន និងអាជ្ញាធររាជធានី ខេត្ត គឺត្រូវបំភ្លឺជូន សាធារណជនភ្លាមៗ ដើម្បីពន្លត់ករណីនោះ បញ្ចប់ករណីនោះឱ្យបានលឿន ជៀសវាងការយល់ច្រឡំ ណាមួយ ដែលបង្កផលប៉ះពាល់ដល់សាធារណជន ពិសេសទេសចរណ៍។

-សម្ដេចធិបតី ថ្លែងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងទេសចរណ៍ រៀបចំបង្កើតផលិតផលទេសចរណ៍ថ្មីៗ កញ្ចប់ទេសចរណ៍ និងបង្កើតកម្មវិធីព្រឹត្តិការណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា នៅក្នុងតំបន់របស់ខ្លួន។

-សម្ដេចធិបតី ថ្លែង​ប្រាប់ទៅអាជ្ញាធរកុំឱ្យមានរឿងបាយឆាមួយចាន តម្លៃ ៦ម៉ឺនរៀល កើតឡើងម្ដងទៀតនៅខេត្តកែប។

សូមជម្រាបជូនថា​ ពិធីសម្ពោធ នាពេលព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ទេសចរណ៍ខេត្តកែប ដែលបានលេចចេញជារូបរាងឡើង នៅក្នុងយុគសម័យតេជោសន្តិភាព និងជាការបង្ហាញឱ្យឃើញពីការសម្រេចចិត្ត របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋ អ្នករស់នៅខេត្តកែប ដែលបានជឿជាក់ និងបានជ្រើសរើសយក មគ្គុទ្ទេសក៍ដឹកនាំកម្ពុជា បានត្រឹមត្រូវ ទើបមានឱកាសបាន ឃើញនិងបានទទួលផលពីការអភិវឌ្ឍរីកចម្រើនដោយផ្ទាល់ដូចនាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា​ គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ គម្រោងនេះ បានអនុវត្តការងារបច្ចេកទេស សាងសង់រួមមាន៖ ការងារចាក់ក្រាលបេតុងកៅស៊ូប្រភេទAC មានកម្រាស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមាន ២គន្លង (១គន្លងទៅ ១គន្លងមក) និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមានជាអាទិ៍ សាងសង់ រង្វង់មូល ១កន្លែង ស្ថិតនៅទីតាំងឆ្នេរអង្គោល, សាងសង់ផ្លូវជិះកង់ និងផ្លូវសម្រាប់ថ្មើរជើង, សាងសង់លូមូលប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ២៨កន្លែង, លូប្រអប់ ប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ១២កន្លែង, និងលូអ៊ុយប្រភេទបេតុងចំនួន ១ខ្សែ ប្រវែង ១ ១៨២ម៉ែត្រ រួមជាមួយនឹងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និង បង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១៦៤ដើម ផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print