សម្តេច ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម ក្រុមហ៊ុន សោជីន ប៊ីតណេស ឯ.ក និងក្រុមហ៊ុនត្រាស់អ៊ិនស្ពេកសិន ឯ.ក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពិលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម ក្រុមហ៊ុន សោជីន ប៊ីតណេស ឯ.ក និងក្រុមហ៊ុនត្រាស់អ៊ិនស្ពេកសិន ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីក្រុងពាលីសាងសង់អគារពាណិជ្ជកម្ម ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករ និងបារមីវត្ថុសក្ត័សិទ្ធិទាំងឡាយក្នុងលោកតាមជួយបីបាច់ថែរក្សា និងឲ្យដំណើរការនៃការសាងសង់អគារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យ។

គួរំលឹកផងដែរថា ៖ ក្រុមហ៊ុន សោជីនប៊ីតណេស ឯ.ក និងក្រុមហ៊ុនត្រាស់អ៊ិនស្ពេកសិន ឯ.ក មានចក្ខុវិស័យខ្ពស់ក្នុងការផ្គត់ផ្គងផលិតទឹកមាត់ត្រចៀកកាំក្នុងស្រុក និងនាំចេញសំបុកត្រចៀកកាំ និងទឹកមាត់ត្រចៀកកាំ ដែលមានគុណភាពខ្ពស់សម្បូរសារជាតិចិញ្ចឹមខ្ពស់ ស្របតាមគុណភាពស្តង់ដារអន្តរជាតិ និងបានចូលរួមចំណែកលើកកម្ពស់វិស័យចំណីអាហារ និងផលិតផលក្នុងស្រុក ដើម្បីទៅប្រកួតប្រជែងទីផ្សារអន្តរជាតិ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារដើម្បីឲ្យប្រជាពលរដ្ឋក្នុងតំបន់ នោះមានការងារធ្វើស្របតាមអនុសាសន៍ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ នូវគោលនយោបាយនិងវិធានការថ្មីៗ ដោយជួយជម្រុញវិស័យឯកជនឲ្យទទួលបាននូវការលើកទឹកចិត្ត ក្រោមការជួយសម្រួលដ៏សម្បើមនៅក្នុងសកម្មភាពធុរកិច្ចរបស់ខ្លួន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print