ភ្នំពេញ៖ នារីម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងបើកម៉ូតូត្រូវរថយន្តសណ្តោងទូកុងតឺន័របើកមកពីក្រោយលឿនបុកពីក្រោយរួចកិនពីលើអូសទាំងម៉ូតូនិងមនុស្សនៅក្រោមរថយន្ត កាលពីវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃទី១៦ខែវិច្ចិកា ឆ្នាំ២០២៤ ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះ មានឈ្មោះ យ៉ុង ឌឿន អាយុ ២៣ឆ្នាំ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ នារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1S-5403 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណះជិះមកដល់ចំណុចកើតហេតុខាងលើ នៅច្រមុះជ្រូកស្ទឹងមានជ័យក៏បង្អង់ល្បឿនបម្រុងបត់ស្តាំកាត់តាមបណ្តោយផ្លូវ២១៧វិញ ភ្លាមនោះដែរស្រាប់តែគេឃើញបុរសម្នាក់បើករថយន្តបង្កសណ្តោងទូកុងតឺន័រក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ រតនៈគិរី 3A-2078ធ្វើដំណើរ មកពីក្រោយតាមបណ្ដោយផ្លូវវេងស្រេង ស្របទិសគ្នាពីលិចមកកើតក្នុងល្បឿនលឿន និងទំនងជាមើលមិនឃើញម៉ូតូក៏បួងចង្កូតបត់ស្តាំមកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យដួលខ្ទាតនារីរងគ្រោះចូលក្រោមកង់រួចកិនចំក្បាលបែកខួរស្លាប់នៅក្រោមរថយន្តយ៉ាងអាណោចអាធ័ម ចំណែកឯអ្នកបើករថយន្តបង្កបម្រុងបើកទ្វាររត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្ថិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទីបីដើម្បីសាកសួរបន្ត។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងមកដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពនារី ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ