ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋជាភ្ញៀវជាតិនិងអន្តរជាតិ ប្រមាណជាង៦លាននាក់ បានមកទស្សនាការប្រណាំងទូកនៅមាត់ទន្លេផងការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗ ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈផងដែរ ដើរលេងកំសាន្តសប្បាយប្រកបដោយទឹកមុខរីករាយក្រោមម្លប់ នៃសន្តិភាព។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និង ជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលបានធ្វើឱ្យកំណាត់ផ្លូវមួយចំនួនមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។
សូមបញ្ជាក់ថា៖ សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ឆ្នាំ២០២៤នេះមានអ្នកចូលរួម ទស្សនាកម្សាន្ត ជាង១លាន១សែននាក់ ថ្ងៃទី២មានប្រមាណជាង២ លាន២សែននាក់ និងថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង៦ លាន៩សែននាក់ ។
លោកស្រីបានបន្តថា៖ ចំពោះការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង រៀបរយវិញ មានការការពាររក្សាសន្តិសុខ សុវត្ថិភាព ដោយយកចិត្តទុកដាក់ ពីបងប្អូនមន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយអនុវត្តតាមអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហើយមានការយកចិត្តទុក ដាក់ខ្ពស់បំផុតពី សំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយថ្នាក់ដឹកនាំជាតិ និង កងកម្លំាងគ្រប់ផ្នែកដែលពាក់ព័ន្ធធ្វើឱ្យព្រះរាជពិធីនេះ មាន សន្តិសុខ សណ្តាប់ ធ្នាប់ល្អ ណាស់ ពោលគឺពុំមានបញ្ហាអ្វីកេីតឡេីងគួរឱ្យកត់សម្គាល់ឡើយ។
បច្ចុប្បន្នកម្ពុជាយើងមានសុខសន្តិភាពពេញលេញនេះហើយ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដូចថ្ងៃនេះដែរ។ ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រា សាទបន្ទាយឆ្មារជាដើម។ សម្រាប់ឆ្នាំ២០២៤នេះ រាជ រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី៕ ដោយ .សំរិត