អ្នកនាំពាក្យក្រសួងកសិកម្ម៖ ជាមធ្យម១គីឡូក្រាមស្រូវសើមថ្លៃមិនក្រោម ១០០០រៀលឡើយ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ÷យោងតាមហ្វេសប៊ុករបស់លោកឃឹម ហ្វីណង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម បានបង្ហោះសារដែលមានខ្លឹមសារយ៉ាងដូច្នេះ៖ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម១គីឡូក្រាម ស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ ចុះហេតុអ្វីបានជាអ្នកខ្លះថាត្រឹមតែ៩០០៛ ហើយខ្លះទៀតបែរជាថារហូត ដល់ ១៣០០៛?

យើងមិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូបឬស្រូវផ្ការំដួលបានទៅទៀត។ ប្រភេទស្រូវអង្ករស-បាយរឹង ដូចជាស្រូវនាងអំ នាងអុក ឬក្រសាំង ទាប ជាធម្មតា ថ្លៃតែងស្ថិតក្នុងរង្វង់៩០០៛ជារៀងរាល់ឆ្នាំទៅហើយ វាមិនចម្លែកទេ ព្រោះមានថ្លៃដើមទាប មិនចំណាយច្រើនដូចពូជស្រូវផ្សេងឡើយ។

អ្នកនាំពាក្យខាងលើបានបន្តថា ខ្ញុំដឹងច្បាស់ព្រោះខ្ញុំបានដឹកនាំចងក្រងសហគមន៍កសិកម្មទំនើបស្រូវនាងអំដោយផ្ទាល់ ហើយកសិករសមាជិកសប្បាយចិត្តខ្លាំងណាស់ ដែលលក់បានក្នុងតម្លៃ៩៥០៛/គីឡូ។ ថ្លៃស្រូវ ឆ្នាំ២០២៣គឺជាករណីពិសេសមួយ ដែលឥណ្ឌាបិទការនាំចេញអង្ករ និងធ្វើឱ្យថ្លៃស្រូវហក់ឡើង២០%- ៣០%ភ្លាមៗ។ ការវិលទៅរកប្រក្រតីភាពនៃថ្លៃស្រូវក្នុងឆ្នាំនេះមិនបានធ្វើឱ្យកសិករខ្មែរខាតបង់នោះទេ ហើយតាមពិតទៅ ថ្លៃស្រូវឆ្នាំ២០២៤ ល្អជាងថ្លៃកាលពីឆ្នាំ២០២០ ២០២១ និង២០២២ ។

នៅមានកត្តាផ្សេងៗទៀត ដែលតែងត្រូវបានយកមកធ្វើឱ្យមានការយល់ច្រលំ ដូចជាស្រូវដែលមានគុណភាពក្រោមស្តង់ដា ឬស្រូវលក់ក្នុងបរិមាណតិចតួចនៅតំបន់ដែលមានទីតាំងដាច់ស្រយាលជាដើម។ អ្នកដែលបំផុសថា «បើថ្លៃស្រូវទាបជាង១០០០៛ទូរស័ព្ទទៅលេខ1289»  មានចេតនាធ្វើឱ្យមានការយល់ច្រលំ ច្រើនជាងចង់ផ្តល់ព័ត៌មានពិតជួយដល់កសិករយើង។ 

មន្រ្តីកសិកម្មឃុំនៅតាមមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលជូនបងប្អូនកសិករយើងលើបញ្ហាទីផ្សារនិងតម្លៃស្រូវ ហើយប្រសិនបើនៅមានចម្ងល់អ្វីពាក់ព័ន្ធនឹងចំណុចទាំងនេះ អាចទំនាក់ទំនងសុំព័ត៌មានបន្ថែមពីលេខទូរស័ព្ទ«១២៨៩»បាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print