ខេត្តបាត់ដំបង៖ រថយន្ត១គ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែង និង៦នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្រុម៣ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះដែលស្លាប់នោះទី១-ឈ្មោះហ៊ីង សុទីន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរធ្វើចម្ការ ទី២-ឈ្មោះ រស់ សុឃា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1R-3254 និងទី៣-ឈ្មោះ អេន សុរ៉ា ភេទស្រី អាយុ៣ឆ្នាំនៅក្នុងបន្ទុកឪពុកម្ដាយ (អ្នកទាំង៣នាក់ស្លាប់) រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចនគរបាលស្រុកសំឡូតបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយូតា មួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ AE-0700 បើកបរដោយបុរសឈ្មោះ ស្នា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង បើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីទៅកើតទៅលិចក្នុងល្បឿនលឿន ហើយផ្លូវទើបតែចាក់ដី មានទាបនិងមានខ្ពស់ ក៏រអិលរេចង្កូតជ្រុលទៅបុកម៉ូតូកំពង់ធ្វើដំណើរពេញទំហឹងបណ្ដាលឲ្យមនុស្សប្រុសស្រី៦នាក់រងរបួសធ្ងន់ និង៣នាក់ស្លាប់ភ្លាមៗនៅនឹកកន្លែងកើតហេតុតែម្ដង ។
សមត្ថកិច្ចបានបន្តថា មនុស្ស៦នាក់ដែលរងរបួសធ្ងន់នោះត្រូវបានរថយន្តដឹកបញ្ជូនទៅព្យាបាលមន្ទីរពេទ្យខេត្តបាត់ដំបង រីឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុកសំឡូត រង់ចាំការដោះស្រាយតាមផ្លូវនីតិវិធី។
ក្រោយកើតហេតុសាកសពទាំង៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំឡូតប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សារ៉េត