មុនបញ្ចប់អាណត្តិ លោក បៃឌិន លុបបំណុលឱ្យអ៊ុយក្រែនជិត៥ពាន់លានដុល្លារ

ចែករំលែក៖

កន្លងមក លោកត្រាំ ធ្លាប់បានអំពាវនាវដល់អាមេរិកផ្តល់ប្រាក់កម្ចី មិនមែនឱ្យទទេដល់អ៊ុយក្រែននោះឡើយ។ ចំណុចទាំងនោះហើយបានជា ប្រធានាធិបតីអាមេរិកបានព្យាយាមលុបបំណុលអ៊ុយក្រែនមួយចំនួនមុនពេលចាកចេញពីសេតវិមាន។

សារព័ត៌មាន Reuters អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកាថា រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន បានចាប់ផ្តើមនីតិវិធីដើម្បីលុបចោលបំណុល ប្រមាណ៤.៧ពាន់លានដុល្លារ ដែលផ្តល់ឱ្យអ៊ុយក្រែន ខណៈរដ្ឋបាលរបស់លោក បៃដិន ហាក់កំពុងព្យាយាមធ្វើគ្រប់យ៉ាងតាមតែអាចទៅរួច មុនពេលត្រូវចាកចេញពីអំណាចនៅដើមឆ្នាំក្រោយ ដើម្បីជួយពង្រឹងអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។
សេចក្តីព្រាងថវិកាមួយ ដែលអនុម័តដោយសភាអាមេរិក កាលពីខែមេសា ឆ្នាំនេះ រួមមានជាង៩.៤ពាន់លានដុល្លារ គឺក្នុងទម្រង់ជាកម្ចី ដែលអាចលើកលែងមិនចាំបាច់សង សម្រាប់ផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅកាន់រដ្ឋាភិបាលអ៊ុយក្រែន ហើយក្នុងនោះពាក់កណ្តាល ប្រធានាធិបតីអាមេរិក អាចសម្រេចចិត្តលុបចោល នៅក្រោយថ្ងៃទី១៥ ខែវិច្ឆិកា។ សេចក្តីព្រាងកញ្ចប់ថវិកានោះ បានកំណត់ថវិកាសរុបទាំងអស់ ៦១ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធតស៊ូប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានចាប់ផ្តើមតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២។
ទោះជាបែបនេះក្តី បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller ព្រឹទ្ធសភាអាមេរិក នៅតែអាចរារាំងការអត់ឱនបំណុលនោះ។ ព្រឹទ្ធសភាអាមេរិក នឹងត្រូវបោះឆ្នោតនាថ្ងៃពុធសប្តាហ៍នេះ លើសំណើមួយស្តីពីការបដិសេធលើកលែងបំណុលសម្រាប់អ៊ុយក្រែន ដែលត្រូវបានផ្តួចផ្តើមដោយសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក Rand Paul។ ទោះជាបែបនេះក្តី ភាគច្រើននៃសមាជិកព្រឹទ្ធសភាមកពីគណបក្សទាំងពីរ គឺគាំទ្រការផ្តល់ជំនួយដល់អ៊ុយក្រែន។
លោក បៃដិន បានបញ្ជាឱ្យក្រុមមន្រ្តីនៃរដ្ឋបាលរបស់លោក ប្រញាប់ប្រញាល់បញ្ជូនជំនួយឱ្យច្រើនតាមតែអាចធ្វើបាន ទៅកាន់អ៊ុយក្រែន មុនពេលលោកត្រូវចាកចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ ចំពោះមុខក្តីបារម្ភថា ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ អាចនឹងកាត់បន្ថយការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់ទីក្រុងកៀវ៕ ដោយធីរីណា

...

រូប​ថត​: Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print