ភ្នំពេញ៖ សម្រាប់ការប្រកួតវគ្កជម្រុះ ៣២នាក់ឈានដល់សប្តាហ៍ទី៧ហើយដោយតម្រូវលើកីឡាករ ថាន រ៉ាឌី មកពីក្លិបសម្រែក រាជសីហ៍ត្រូវប្រកួតជាមួយកីឡាករ លីន វិបុល មកពីក្លិបបុរីរាជសីហ៍មានប្ញទ្ធិ ។ ចំណែកកីឡាករពេជ្រ សាម៉ុន មកពី ខេត្តបន្ទាយមានជ័យត្រូវប៉ះជាមួយកីឡាករ ថាំង ឌីណា មកពីខេត្តសៀមរាបដើម្បី ដណ្តើមកៅអីវគ្គទី២ឆ្ពោះទៅដណ្តើមពាន រង្វាន់ជើងឯក TV5 Boxing Knock Out Series ទម្ងន់៥៤គីឡូក្រាមនៅលើសង្វៀន TIFFY Arena នាល្ងាចថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ ។
ជំនួបរវាង ថាន រ៉ាឌី នឹង លីនវិបុល ពួកគេមិនធ្លាប់បានជួបគ្នាទេកន្លងទៅ ពីព្រោះ ថាន រ៉ាឌី ចាស់វស្សាជាង លីន វិបុល ។ កីឡាករទាំង២នាក់ត្រូវបានក្រុមអ្នកវិភាគ ប្រដាល់លើកឡើងថា លីន វិបុល ទំនងមិន អាចផ្តួល ថាន រ៉ាឌី បានឡើយ ព្រោះ រ៉ាឌី មានកម្លាំងវាយសន្ធាប់ខ្លាំងនិងមានស្នៀតល្អជាង វិបុល ។ ដូច្នេះតើការប្រកួតនេះ ថាន រ៉ាឌី ឬក៏លីន វិបុល ជាអ្នកបានឡើង ទៅវគ្គ១៦នាក់ក្នុងជុំទី២នោះ?
ចំពោះការប្រកួតរវាង កីឡាករពេជ្រ សាម៉ុន នឹងថាំង ឌីណា ពួកគេក៏មិនធ្លាប់បានជួបគ្នាដែរពីមុនមកប៉ុន្តែអ្នកទាំងពីរសុទ្ធតែមានចំណុចពិសេសនិងល្បិចព្រមទាំងបទពិសោធន៍លើរេញប្រហាក់ប្រហែលគ្នាតែទោះជាយ៉ាងណាការប្រកួតនេះតម្រូវឲ្យកីឡាករម្នាក់ត្រូវចាកចេញពីកម្មវិធីនេះដោយទុកតែអ្នកឈ្នះម្នាក់ឡើងទៅប្រកួតក្នុងជុំទី២វគ្គ១៦នាក់បន្តទៀត។ ដូច្នេះតើ ពេជ្រ សាម៉ុន ឬក៏ ថាំង ឌីណា ជាអ្នកដើរចេញពី ការប្រកួតនេះ?
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series ទម្ងន់៥៤គីឡូក្រាមនេះមានអ្នកប្រដាល់សរុប៣២នាក់ចែកចេញ៤ដំណាក់កាលតាមរូបមន្តប្រកួត ដំណាក់កាលទី១ជាការប្រកួតជម្រុះក្នុង ចំណោម៣២នាក់ទុកតែ១៦នាក់។
ដំណាក់កាលទី២ជាការប្រកួតជម្រុះក្នុងចំណោម១៦នាក់ទុកតែ៨នាក់ហើយដំណាក់កាលទី៣គឺជម្រុះក្នុង៨នាក់ ទុកតែ៤នាក់ និង ដំណាក់កាលទី៤និងទី៥ជាការប្រកួត ដំណាក់កាលពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ ៕
ដោយ៖ សារីម