ភ្នំពេញ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ នៅទីស្តីការក្រសួងបរិស្ថានទៅលើកិច្ចព្រមព្រៀងស្តីពីគម្រោង «ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ» ឬហៅកាត់ថា រេដបូក (REDD+) នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្រោមអធិបតីភាព លោក
សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក វីល្លៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខានេះ គឺជាផ្នែកមួយដ៏សំខាន់នៃការលក់ឥណទានកាបូនក្នុងទ្រង់ទ្រាយធំលើកដំបូងរបស់ប្រទេសកម្ពុជា ហើយវានឹងផ្តួចផ្តើមឱ្យមាននូវហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់ការពារដែនជម្រកសត្វព្រៃកែវសីមា ដែលពីមុនត្រូវបានគេស្គាល់ថាជាព្រៃការពារសីមា។ តំបន់ព្រៃដែលមានសារសំខាន់ជាសកលមួយនេះ គឺជាជម្រករបស់ពពួកសត្វព្រៃ និងរុក្ខជាតិប្រមាណជាង ៦០ ប្រភេទ ដែលត្រូវបានចាត់ទុកថាជាប្រភេទកំពុងរងគ្រោះ និងជិតផុតពូជ។ ដែនជម្រកសត្វព្រៃកែវសីមា ក៏ជាតំបន់មួយដែលមានសារៈសំខាន់ជាអន្តរជាតិផងដែរ សម្រាប់ការអភិរក្សពពួកសត្វពានរ ដូចជា ស្វាកន្ទុយខ្មៅដែលមានចំនួនច្រើនជាងគេនៅលើសាលកលោក ទោចថ្ពាល់លឿង ពពួកខ្លា ដំរី ទន្សោង និងប្រភេទបក្សីមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ព្រៃដ៏ខៀវស្រងាត់មួយនេះក៏មានរក្សាទុកនូវកាបូនចំនួនរាប់លានតោនទៀតផង។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «កាលពីថ្ងៃទី២៧ ខែកក្កដា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានប្រកាសព័ត៌មានមួយ ស្តីពីការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃកែវសីមាទៅឱ្យក្រុមហ៊ុនឯកជនអន្តរជាតិមួយ។ នេះគឺជាផ្នែកមួយដ៏សំខាន់នៃការលក់កាបូនក្នុងទ្រង់ទ្រាយធំជាលើកដំបូងរបស់ប្រទេសកម្ពុជា ដែលនឹងផ្តល់នូវហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់ដែនជម្រកសត្វព្រៃកែវសីមា»។ លោកបានបន្តថា៖ «នេះគឺជាជោគជ័យដ៏ធំមួយសម្រាប់ការការពារព្រៃឈើនិងសត្វព្រៃ និងការអភិវឌ្ឍន៍សហគមន៍នៅក្នុងប្រទេសកម្ពុជា ព្រមទាំងសម្រាប់ជាការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដល់ការខិតខំប្រឹងប្រែងក្នុងកិច្ចការងារនេះ»។ លោកបានបន្ថែម ទៀតថា៖ «គម្រោងកាបូនរេដបូកនៅដែនជម្រកសត្វព្រៃកែវសីមា គឺតឹកតាងមួយបង្ហាញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់អនុវត្តការទូទាត់ផ្អែកលើលទ្ធផលក្នុងក្របខ័ណ្ឌការកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ នេះគឺជាសក្ខីភាពមួយ ដែលបង្ហាញឱ្យឃើញអំពីលទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារព្រៃឈើ ការអភិរក្សជីវចម្រុះ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍»។
លោក វីល្លៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ការការពារព្រៃឈើរបស់ប្រទេសកម្ពុជា និងការជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ គឺជាសកម្មភាពអាទិភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក»។ លោកបានបន្តថា៖ «នៅមានបញ្ហាសំខាន់មួយចំនួនដែលនៅឆ្ងាយផុតពីព្រំដែនកម្ពុជាទៅទៀត។ ភាពជាដៃគូរវាងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា គឺជានិមិត្តរូបមួយដែលបង្ហាញពិភពលោកឱ្យឃើញអំពីគំនិតច្នៃប្រឌិតក្នុងការការពារភពផែនដី និងការជួយជ្រោមជ្រែងពីបណ្តាដៃគូនានា។ យើងពិតជាមានមោទនភាពដែលបានរួមចំណែកគាំទ្រក្នុងភាពជាដៃគូដ៏ល្អនេះ ហើយនឹងបន្តជួយបង្កើតយុទ្ធសាស្រ្តនានាដែលអាចជួយការពារព្រៃឈើឱ្យរឹតតែមានគុណតម្លៃ ជាជាងការកាប់បំផ្លាញ»។
លោក រ៉ូស សិនខ្លែរ នាយកអង្គការសមាគមអភិរក្សសត្វព្រៃ បានគូសបញ្ជាក់ថា៖ «ពិធីចុះហត្ថលេខានេះ គឺជាជោគជ័យមួយដ៏ធំធេងនៃការផ្តល់ហិរញ្ញប្បទានសម្រាប់អភិរក្សព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ ជោគជ័យនេះស្តែងឱ្យឃើញពីភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា អង្គការWCS សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍មានដូចជាទីភ្នាក់ងារ USAID»។
កិច្ចព្រមព្រៀងមួយនេះ នឹងមានរួមបញ្ចូលសកម្មភាពមួយចំនួនដែលអាចជួយការពារដែនជម្រកសត្វព្រៃកែវសីមា និងសហគមន៍ដែលកំពុងរស់នៅក្នុង និងជុំវិញតំបន់ព្រៃមួយនេះ។ កិច្ចព្រមព្រៀងនេះ នឹងជួយគាំទ្រដល់សកម្មភាពអភិរក្ស និងគ្រប់គ្រងព្រៃឈើដែលរួមមានទាំងការបណ្តុះបណ្តាលមន្រ្តីរាជការអំពីការគ្រប់គ្រងព្រៃឈើ និងការពារសត្វព្រៃជាដើម។ ជាមួយគ្នានេះដែរ វាក៏នឹងជួយដល់ប្រជាសហគមន៍ដែលរស់នៅក្នុងនិងជុំវិញតំបន់ព្រៃឈើនេះ ឱ្យទទួលបាននូវជីវភាពល្អប្រសើរ តាមរយៈការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព។
គម្រោងកាបូនរេដបូកដែនជម្រកសត្វព្រៃកែវសីមា បានចាប់ដំណើរការនៅឆ្នាំ ២០១០ ក្នុងភូមិ សាស្រ្តខេត្តមណ្ឌលគិរី និងក្រចេះ ហើយកំពុងអនុវត្តដោយក្រសួងបរិស្ថាន (កន្លងមក រដ្ឋបាលព្រៃឈើ) និងអង្គការ WCS ក្រោមជំនួយឧបត្ថម្ភពីគម្រោងគាំទ្រព្រៃឈើនិងជីវចម្រុះនៃទីភ្នាក់ងារ USAID ដែលជាគម្រោងមួយអនុវត្តដោយអង្គការវីនរ៉ក់អន្តរជាតិ និងម្ចាស់ជំនួយដទៃទៀត។
* សម្រាប់ព័ត៌មានបន្ថែមអំពីដែនជម្រកសត្វព្រៃកែវសីមាៈ http://cambodia.wcs.org/Saving-Wild-Places/Seima-Forest.aspx
សម្រាប់ព័ត៌មានបន្ថែម៖
P លោក យស់ កាតង់ មន្រ្តីជំនាញផ្នែកទំនាក់ទំនង
ទូរស័ព្ទៈ 077 878 001 អ៊ីម៉ែលៈ [email protected]
P លោក អេង ម៉េងអ៊ី មន្រ្តីជំនាញផ្នែកទំនាក់ទំនង
ទូរស័ព្ទៈ 077 765 676 អ៊ីម៉ែលៈ [email protected]
ដោយ៖ ស ដារ៉ា