ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”។
សូមជម្រាបថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នាឱកាសនេះ រៀបចំឡើងក្នុងគោលបំណង បំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន។
ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករ ដែលជំរុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថាន។ ផ្តើមចេញពីបុគ្គលម្នាក់ៗ ចេះទទួលខុសត្រូវ លើការទុកដាក់ សំណល់ដោយមិនបោះចោលពាសវាលពាសកាល នៅតាមទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងដាំដើមឈើ ដើម្បីឲ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព៕ដោយ៖តារា