ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២ នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាពបិទមហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP និងបណ្តាថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយមកពី៤៥ប្រទេសផងដែរ។
សូមជម្រាបថា ពិធីបិទមហាសន្និបាតរយៈពេល៣ថ្ងៃនេះ នឹងមានការអានរបាយការណ៍ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គដោយលោក Kwon Hee-seong អគ្គលេខាធិការ ICAPP, អានរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំតុមូល ដោយលោកស្រី អុឹង កន្ថាផាវី សមាជិកគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា, អានរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ ដោយលោកស្រី ភឿង សកុណា, អានរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំវេទិកាសារព័ត៌មានលើកទី៧ ដោយលោក នេត ភក្ត្រា សមាជិកគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា និងការអាន និងការអនុម័តនូវសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងភ្នំពេញ ដោយលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាអ្នករាយការណ៍ពិសេស ICAPP។
ក្នុងពិធីបិទនេះ ក៏មានការប្រកាសអំពីពានរង្វាន់ ICAPP Asian century Award និងម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី១៣ ឆ្នាំ២០២៦ ដោយលោក Chung Eui-yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP។
មហាសន្និបាត ICAPP លើកទី១២ ត្រូវបានបើកជាផ្លូវការយ៉ាងមហោឡារិកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ ថ្នាក់ដឹកនាំរបស់ ICAPP និងថ្នាក់ដឹកនាំ ក៏ដូចជាតំណាងគណបក្សនយោបាយមកពី ៤៥ប្រទេស។
បន្ទាប់ពីពិធីបើកជាផ្លូវការហើយនោះ កិច្ចប្រជុំនានា ក៏បានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុករួមមាន៖ សម័យប្រជុំពេញអង្គចំនួន៣វគ្គ, កិច្ចប្រជុំតុមូលនៃគណបក្សនយោបាយអន្តរតំបន់ ក្រោមប្រធាន «តួនាទីគណបក្សនយោបាយក្នុងការកសាងសន្តិភាព និងការផ្សះផ្សា», កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌សម្រាប់ការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា», កិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព»។
នៅក្នុងមហាសន្និបាតនេះ ក៏មានការចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់រវាង ICAPP និងសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP), ICAPP និងអន្តរសភាអាស៊ាន (AIPA)។
គួរបញ្ជាក់ថា មហាសន្និបាត ICAPP លើកទី១២ មានការអញ្ជើញចូលរួមគណៈប្រតិភូចំនួន២៦៣រូប ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន ៩៩រូប និងប្រតិភូកម្ពុជាចំនួន ៦៤រូប (គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និងគណៈប្រតិភូគណបក្សហ៊្វុនស៊ិច មានចំនួន ១៨រូប)។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីគណបក្សចំនួន៦២គណបក្សនយោបាយ ក្នុងនោះគណបក្សនយោបាយចំនួន៥១ មកពីអាស៊ី, គណបក្សនយោបាយចំនួន៤ មកពីអាហ្វ្រិក និងគណបក្សនយោបាយចំនួន៧ មកពីអាមេរិកឡាទីន, ក្រុមគណបក្សនយោបាយនៅអឺរ៉ុប គឺតំណាងដោយអ្នកប្រជាធិបតេយ្យនិយមកណ្តាល ( CDI ) និង មាន៤៥ប្រទេសចូលរួម។
ចំពោះស្ថាប័ននៃដៃគូសង្កេតការណ៍ គឺអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាយប៉ា តំណាងអង្គការយូណេស្កូ តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ តំណាងគណបក្សនយោបាយនៅអាហ្វ្រិក តំណាងគណបក្សនយោបាយនៅតំបន់សមុទ្រខ្មៅ និងបណ្តាគណបក្សនយោបាយដែលមកពីបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ និងមានតំណាងសារព័ត៌មានសំខាន់ៗមកពី ១៥ប្រទេសចូលរួមផងដែរ។
មហាសន្និបាត ICAPP លើកទី១២ ជាវេទិកាមួយបង្ហាញនូវសាមគ្គីភាពនៃបណ្តាគណបក្សនយោបាយនៅអាស៊ីក្នុងសភាពការណ៍នៃសន្តិសុខពិភពលោកថ្មី ក្នុងសភាពការនៃការបម្រែបម្រួលអាកាសធាតុ និងដើម្បីរួបរួមគ្នាដើម្បីឆ្ពោះទៅកសាងសន្តិភាពមួយនៅលើផ្លូវនៃគណបក្សនយោបាយដែលគោរពតាមនៅអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ហើយជាពិសេសគោរពបាននៅអធិបតេយ្យភាព និងឯករាជ្យភាពនៃបណ្តាគណបក្សនយោបាយ ដែលតំណាងឱ្យប្រទេសទាំងគណបក្សនយោបាយដឹកនាំអំណាច និងគណបក្សនយោបាយដែលជាសម្ព័ន្ធភាព និងគណបក្សតូចៗដែលមានកៅអីនៅក្នុងរដ្ឋសភា៕ដោយ៖តារា