សម្តេចតេជោ ហ៊ុន សែន ទទួលបាន «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលពានរង្វាន់លំដាប់អន្តរជាតិថ្មីមួយទៀត នោះគឺ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី»។
សូមបញ្ជាក់ថា ៖ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការផ្តល់ជូន «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជាការទទួលស្គាល់ចំពោះការដឹកនាំដ៏ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលសម្តេចបានបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពនៅប្រទេស រហូតមកដល់សព្វថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដឹកនាំជំនាន់មុនដែលមានវ័យកាន់តែចាស់ហើយ ធ្លាប់ឆ្លងកាត់សង្រ្គាម និងបានយកជីវិតធ្វើដើមទុនដើម្បីបញ្ចប់សង្រ្គាម ស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ដូចនេះអ្នកដឹកនាំជំនាន់ក្រោម ត្រូវបន្តភារកិច្ចក្នុងការថែរក្សាសន្តិភាព ដែលអ្នកដឹកនាំជំនាន់មុនរកបានដោយលំបាកនោះ និងខិតខំប្រឹងប្រែងក្នុងការបន្តអភិវឌ្ឍប្រទេសកម្ពុជាតទៅមុខ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា  ៖ ក្រោយការផ្ទេរការដឹកនាំប្រទេសកម្ពុជាក្នុងតួនាទីនីតិប្រតិបត្តិទៅអ្នកដឹកនាំវ័យក្មេងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ គឺកម្ពុជាមានស្ថិរភាព ថែរក្សាបានសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសបានល្អ ៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print