សម្តេចតេជោ ហ៊ុន សែន អមដោយសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ទទួលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈប្រតិភូអន្តរជាតិដែលអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ(IPTP) លើកទី១១

ចែករំលែក៖

ភ្នំពេញ ៖ មុនពិធីបើកជាផ្លូវការសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បី ភាពអត់ឱននិងសន្តិភាព(IPTP) លើកទី១១ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អមដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP) លើកទី១១ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសមជាមួយបណ្ដាប្រធានគណៈប្រតិភូអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំពេញអង្គ IPTP លើកទី១១ នៅរាជធានីភ្នំពេញ។

ជំនួបសម្តែងការគួរសមនេះ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ជាទីដែលប្រារព្ធដំណើរការសម័យប្រជុំ (IPTP) លើកទី១១ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់សភា រួមមាន ប្រធាន អនុប្រធាន អតីតប្រមុខរដ្ឋ និងរដ្ឋាភិបាល ឥស្សរជនបរទេស និងឥស្សរជនជាតិ តំណាងជាន់ខ្ពស់ខាងសាសនា បញ្ញាវន្ត នយោបាយ ក៏ដូចជាស្ថាប័នមិននយោបាយមកពីជាង៦០ប្រទេស។

ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម និងលោកជំទាវ លោក លោកស្រី ដែលជាភ្ញៀវអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព លើកទី១១ (IPTP) ដ៏មានសារៈសំខាន់ណាស់ សម្រាប់ជំរុញវេទិកានេះឱ្យទទួលបានជោគជ័យ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា និងមានអត្ថប្រយោជន៍យូរអង្វែងក្នុងកិច្ចការពារលើកកម្ពស់សន្តិភាពជូនមនុស្សជាតិទូទាំងសកលោក។

សម្រាប់កម្ពុជា សន្តិភាពគឺជាមូលដ្ឋានគ្រឹះចាំបាច់ និងមានអាទិភាពលើគេ។ ក្នុងនាមជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃអូសបន្លាយពេលរាប់ទសវត្សរ៍ កម្ពុជាយល់ច្បាស់ពីផលប៉ះពាល់នៃសង្គ្រាម។ ប្រវតិ្តសាស្រ្តជូរចត់របស់កម្ពុជាបានធ្វើឱ្យកម្ពុជាបច្ចុប្បន្ន ផ្តល់តម្លៃខ្ពស់បំផុតលើសន្តិភាព ហើយគួរគិតគូរថែរក្សាពង្រឹងមូលដ្ឋានគ្រឹះ នៃសន្តិភាពឱ្យបានស្ថិតស្ថេរជាប្រចាំ។

ថ្នាក់ដឹកនាំគណៈប្រតិភូអន្តរជាតិ បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍឆាប់រហ័សគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសមួយបានងើបពីសង្រ្គាមហែកហួរ និងបែកបាក់ ក្លាយជាប្រទេសមួយមានសុខសន្តិភាព និងការអភិវឌ្ឍដ៏ស្រស់បំព្រង។ គណៈប្រតិភូអន្តរជាតិ បានកោតសរសើរពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឆ្ពោះមកកាន់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ហើយបាននឹងកំពុងថែរក្សាការពារដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា ក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងជូនប្រជាជាតិ។

សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គលើកទី១១ IPTP ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងវេទិកានេះ នឹងអនុម័តឯកសារសំខាន់ៗចំនួនពីរ រួមមាន ១)ធម្មនុញ្ញសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី និង ២) សេចក្តីប្រកាសទីក្រុងភ្នំពេញ។ ឯកសារទាំងនេះបញ្ជាក់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរួមរបស់IPTP ក្នុងការជំរុញសន្តិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print