ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពាក់ព័ន្ធនឹងករណីឆបោកម៉ូតូ កាលពីវរលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ក្នុងក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលប្រាប់ថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ហ៊ន តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង បានមកដាក់ពាក្យបណ្តឹងឈ្មោះ ហែង ចន្ថា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិត្រពាំងដៀក្រោម ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ពីបទឆបោកយកម៉ូតូ ទៅដាក់បញ្ចាំ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច នៅចំណុចខាងមុខសាកលវិទ្យាល័យខេត្តស្វាយរៀង ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។
សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងអធិការដ្ឋានសហការជាមួយកម្លាំងការិយាល័យជំនាញខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យ និងប្រមូលវត្ថុតាងដែលពាក់ព័ន្ធក្នុងរឿងនេះ បញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ យឹម សុថាន