រឿង បាយក្តាំង

ចែករំលែក៖

តថភាពប្រវត្តិសាស្ត្រដែលបានកើតឡើងពីអតីតកាលក្នុងរបបខ្មែរក្រហមគឺយើងមិនអាចបំភ្លេចនឹងកែប្រែបានឡើយ។ ដូច្នេះដើម្បីទុកប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើន ក្នុងរឿងជូរចត់ដ៏ច្រើនលើសលប់នោះ យើងសូមដកស្រង់ រឿងរ៉ាវទាំងឡាយដែលកើតមានក្នុងសម័យខ្មែរក្រហម ពិតៗ ជាក់ស្តែង ទុកជាចំណេះដឹង ក៏ដូចជាឲ្យមានការចងចាំមិនភ្លេចរបស់យុវជនជំនាន់ក្រោយ។
ដោយមានការអនុញ្ញាតពីមជ្ឈមណ្ឌលឯកសារកម្ពុជា យើងសូមនាំរឿងរ៉ាវទាំងឡាយដកស្រង់ចេញពីសៀវភៅ រឿងរ៉ាវក្នុងភូមិនៅសម័យខ្មែរក្រហម (ច្រើនរឿង)មកចុះផ្សាយជូនមិត្តអ្នកអានបានតាមដានជាលំដាប់លំដោយដូចខាងក្រោម÷

រឿង បាយក្តាំង
គ្រប់ពេលវេលាទាំងអស់មិនថាថ្ងៃឬយប់ រាល់ពេលដែលខ្ញុំធ្វើដំណើរឆ្លងកាត់តំបន់មួយម្ដុំវត្តក្រឡោមភ្លុកខ្ញុំមិនដែលខកខានចោលកន្ទុយភ្នែកសម្លឹងមើលទៅកាន់ទីកន្លែងនោះម្ដងណាឡើយ។ អារម្មណ៍របស់ខ្ញុំតែងតែស្រមើស្រមៃដល់ជីវិតប្រចាំថ្ងៃដែលខ្ញុំធ្លាប់បានរស់នៅនិងរឿងរ៉ាវជាច្រើនដែលបានកើតឡើងចំពោះខ្ញុំនៅទីនោះ ព្រមទាំងរំលឹកពីអនុស្សាវរីយ៍និងកម្សត់ជាមួយនឹងប្រជាជនផ្សេងៗទៀតដែលខ្ញុំបានជួបហើយនៅតែបន្តនឹកគ្នារហូតដល់សព្វថ្ងៃនេះ។កន្លែងនោះមានឈ្មោះថា” ការដ្ឋានអាងទឹកត្រាំកង់” គឺជាកន្លែងដែលខ្ញុំធ្លាប់រស់នៅក្នុងសម័យខ្មែរក្រហមអំឡុងឆ្នាំ ១៩៧៧ រហូតដល់ជិតពាក់កណ្ដាលឆ្នាំ ១៩៧៨ ។
នឹកដល់ព្រលប់ថ្ងៃមួយនៅក្នុងរបបខ្មែរក្រហម បន្ទាប់ពីបរិភោគបាយពេលល្ងាចរួច ខ្ញុំបានផ្តេកខ្លួនសម្រាកនៅលើកម្រាលបាវក្រចៅក្រាលផ្ទាល់ទៅនឹងដីក្នុងរោងតូចមួយរំពេចនោះស្រាប់តែមានសំឡេងយុវជនម្នាក់ បានស្រែកហៅសួររកថែមទាំងហៅឈ្មោះរបស់ខ្ញុំចេញពីខាងក្រោយរោងថា ” មិត្តណាមួយឈ្មោះសាន្តចេញមកមួយភ្លែតមក ” ។ ឮដូច្នោះខ្ញុំក្រក៏ស្រែកសួរចេញពីក្នុងមុងដែលខ្ញុំកំពុងតែដេកទាំងងឿងឆ្ងល់ថាមានការអី ? ស្របពេលគ្នានោះ ខ្ញុំក៏ស្ទុះចេញមកខាងក្រៅរោងភ្លាមៗរួចដើរសំដៅទៅរកម្ចាស់សំឡេង។ ពេលព្រលប់បែបនេះខ្ញុំមើលមុខយុវជនម្នាក់នោះមិនសូវច្បាស់ទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចជាប្រហាក់ប្រហែលធ្លាប់ឃើញគាត់នៅទីណាម្ដងម្កាល។ ខ្ញុំហៀបនឹងហាមាត់សួរទៅកាន់យុវជនម្នាក់នោះទៅហើយ ប៉ុន្តែគាត់បាននិយាយមកកាន់ខ្ញុំមុនក្នុងភាពប្រញាប់ប្រញាល់ថា” មិត្តឯងទៅរោងបាយទៅជួបនឹងម៉ែភួងឥឡូវនេះ ” ។
គាត់និយាយរួចក៏ដើរចេញទៅបាត់ភ្លាមៗ លុះបន្តិចក្រោយមកមានមិត្តម្នាក់ដែលធ្លាប់ស្គាល់យុវជនម្នាក់នោះបានប្រាប់ខ្ញុំថា យុវជនម្នាក់នោះគឺជាមនុស្សជំនិតរបស់ មាហន ដែលជាកម្មាភិបាលខ្មែរក្រហមមានតួនាទីខ្ពស់ជាងគេនៅក្នុងការដ្ឋានសំណង់អាងទឹកត្រាំកង់។ មាហន គឺជាអ្នកក្តោបក្តាប់លើកម្លាំងទាំងអស់មកពីស្រុក៤២ តំបន់ ៤ ស្ថិតក្នុងខេត្តបាត់ដំបង។
មិនបង្អង់យូរ ខ្ញុំក៏ប្រញាប់ប្រញ៉ាល់ទាញយកសម្លៀកបំពាក់សាច់ក្រណាត់ផាឌឹបពណ៌ប្រផេះរបស់ខ្ញុំដែលអង្គការទើបតែបើកឲ្យថ្មីៗយកមកស្លៀកពាក់ រួចរូតរះចេញដំណើរទៅកាន់រោងបាយតាមការនិយាយប្រាប់របស់យុវជនម្នាក់នោះ។ ខ្ញុំមានអារម្មណ៍ភិតភ័យណាស់ ព្រោះខ្ញុំមិនដឹងថាតើនឹងមានរឿងអ្វីកើតឡើងចំពោះខ្ញុំនោះទេ។ហើយមូលហេតុអ្វីបានជាម៉ែភួង ដែលជាប្រធានរោងបាយហៅខ្ញុំឲ្យទៅជួបគាត់ទាំងក្បាលព្រលប់ដូច្នេះ ។
នៅពេលដែលខ្ញុំទៅដល់រោងបាយ ខ្ញុំបានឃើញស្រមោលមនុស្សមួយក្រុមកំពុងតែអង្គុយនៅលើគ្រែរនាបឫស្សីមួយនិយាយគ្នាងំៗ ។ នៅក្បែរគ្រែនោះមានចន្លុះមួយដើមចងភ្ជាប់ជាមួយនឹងមែកឈើដែលបានជាពន្លឺល្មមអាចឲ្យខ្ញុំមើលពីខាងក្រៅទៅឃើញមនុស្សទាំងអស់នោះបានច្បាស់។
ខ្ញុំឃើញមានមនុស្សស្រីពីរនាក់និងមនុស្សប្រុសពីរនាក់កំពុងតែហូបបាយជុំគ្នា ក្នុងនោះខ្ញុំឃើញស្ត្រីវ័យចំណាស់ម្នាក់មានអាយុប្រហែល ៦០ ឆ្នាំ ដែលក្រុមកងចល័តសុទ្ធតែបានស្គាល់គាត់ថាជា ម៉ែភួង ។ ម៉ែភួងគឺជាអ្នកមូលដ្ឋានចាស់មានស្រុកកំណើតនៅក្នុងទឹកដីស្រុកមោងឫស្សីខេត្តបាត់ដំបង។ គាត់គឺជាមនុស្សស្រីដែលមានសម្ដីផ្អែមជាងគេហើយថែមទាំងជាមនុស្សដែលមានចិត្តល្អទៀតផង។ គាត់ក៏ជាកម្មាភិបាលខ្មែរក្រហមមួយរូបដែលមានឥទ្ធិពលគួរសមសូម្បីតែ មាហន ក៏មិនហ៊ានតមាត់ជាមួយនឹងគាត់ដែរ។នៅពេលដែលខ្ញុំទៅដល់ ខ្ញុំពុំទាន់ចូលទៅខាងក្នុងរោងបាយភ្លាមៗនោះទេ។ ខ្ញុំនៅឈររេរាក្បែរគុកចង្ក្រានដែលមានចំហាយក្តៅងំនិងមានរងើកភ្លើងក្រហមឆ្អៅសេសសល់មិនទាន់រលត់អស់នៅឡើយ។បុរសម្នាក់ដែលអង្គុយបែរមុខមកខាងក្រៅរោងបាយ ឃើញស្រមោលរបស់ខ្ញុំស្ទុងៗ ហើយក៏ស្រែកសួរមកកាន់ខ្ញុំថា មិត្តណាកំពុងឈរនៅខាងក្រៅលឹបលៗមានការអី? ម៉េចក៏មិនចូលមកខាងក្នុងរោងមក ។ នៅពេលដែលខ្ញុំឮដូច្នោះ ខ្ញុំក៏ដើរចូលទៅក្នុងរោងបាយសន្សឹមៗ ហើយឆ្លើយត្រឡប់ទៅបុរសនោះវិញថា បាទ!ខ្ញុំគឺជាយុវជនកងទី ៣ នៅមុននេះបន្តិចមានមិត្តម្នាក់បានទៅប្រាប់ខ្ញុំឲ្យមករោងបាយជួបជាមួយនឹងម៉ែភួង ។ ម៉ែភួងឃើញខ្ញុំហើយសួរដោយមិនបង្អង់យូរថាអើកូនឯងហូបបាយហើយឬនៅ ? មកហូបបាយជាមួយម៉ែ។
ម៉ែភួង គឺជាមនុស្សចាស់ដែលមានសុជីវធម៌ហើយរស់រាយរាក់ទាក់ណាស់ គាត់តែងមានទំនាក់ទំនងល្អជាមួយនឹងមនុស្សទូទៅ ដោយមិនប្រកាន់ថាជាប្រជាជនចាស់ ឬប្រជាជនថ្មីនោះទេ។ នេះគឺជាទម្លាប់របស់គាត់ដែលខ្ញុំតែងតែកត់សម្គាល់ឃើញតាំងពីពេលដែលខ្ញុំបានស្គាល់គាត់។ ខ្ញុំក៏ប្រាប់ទៅ ម៉ែភួង វិញថាខ្ញុំទើបតែហូបបាយរួច។ ម៉ែភួង ក៏ប្រាប់ឲ្យខ្ញុំអង្គុយលេងរង់ចាំគាត់ហូបបាយរួចសិន។

...

ខ្ញុំអង្គុយចាំម៉ែភួងលើអង្រឹងបាវក្រចៅមួយដែលចងសម្រាប់អង្គុយលេងនៅនឹងសំយាបរោងរង់ចាំទម្រាំគាត់ហូបបាយរួច។ ខ្ញុំអង្គុយយោលអង្រឹងតិចៗស្រូបយកក្លិនដ៏ឈ្ងុយភាយចេញពីត្រីប្រឡាក់ទើបតែអាំងឆ្អិនថ្មីៗដែលបណ្តាលឲ្យខ្ញុំមានអារម្មណ៍រមូលពោះនិងឃ្លានបាយមួយរំពេច។
ក្រោយពីជួបនិងស្ដាប់ការណែនាំរបស់បម៉ែភួង រួចរាល់ហើយខ្ញុំបានត្រឡប់មករោងស្នាក់របស់ខ្ញុំវិញដោយអស់ក្តីមន្ទិលសង្ស័យនៅក្នុងចិត្ត។ នៅក្នុងរោងស្នាក់មានសភាពស្ងាត់ជ្រងំមនុស្សម្នានាំគ្នានាំគ្នាសម្រាកអស់ហើយនៅពេលយប់ថ្មើរនេះ ព្រោះតែភាពហត់នឿយបន្ទាប់ពីធ្វើការងារអស់រយៈពេលពេញមួយថ្ងៃ។ ខ្ញុំលូនចូលទៅក្នុងមុងថ្នមៗស្ងាត់ៗដោយមិនទាំងដោះសម្លៀកបំពាក់ចេញផង រួចហើយក៏សំងំដេកលង់លក់ទៅ។
(នៅមានត)
ដកស្រង់និងប្រែសម្រួលដោយ:ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print