ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ អាចទំនងជាស្រវឹងស្រា បានជិះម៉ូតូក្នុងល្បឿនលឿនរេចង្កូតទៅឡើងលើឃឿនស្ពានច្បារអំពៅថ្មីនិងជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើស្ពានច្បារអំពៅថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
បើតាមការសាកសួរពីសាច់ញាតិជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះមានឈ្មោះឡី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេសង្កេតឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហង់ដាឌ្រីមសេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AZ.8718 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ដោយបំណងឆ្លងស្ពានច្បារអំពៅថ្មី ហើយទំនងជាទំនងជាស្រវឹងស្រាផងនោះ ក៏បានរេចង្កូតឡើងឃឿនស្ពានទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដួលបោកក្បាលទៅនិងផ្លូវហូរឈាមពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯម៉ូតូរងការខូចខាតខាងមុខជាច្រើនផងដែរ។
ក្រោយពេលកើតហេតុ ដោយអស់រយះជាង១ម៉ោងទើបមានរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅមន្ទីពេទ្យ ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរិះគន់ទៅលើរថយន្តសង្គ្រោះបន្ទាន់ជាខ្លាំង ដែលខណះជនរងគ្រោះកំពុងតែរងរបួសធ្ងន់ត្រូវការពេទ្យជួយសង្គ្រោះបន្ទាន់ ។ បន្ទាប់ក្រោយមកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែង យកទៅក្សាទុកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរងចាំប្រគល់ឲ្យម្ចាស់ដើម្បី៕
ដោយ៖ជីម ភារ៉ា ដង្កោ