រឿង បាយក្តាំង( តចប់)

ចែករំលែក៖

មាហន បន្តនិយាយទៀតថាប៉ុន្តែមិត្តឯងធ្វើនេះក៏មិនសមដែរ។មនុស្សរាប់រយនាក់មិត្តឯងឲ្យទៅមនុស្សម្នាក់ឬពីរនាក់ ទង្វើនេះហៅថាបក្សពួកនិយម បើហូបមិនអស់ម៉េចមិនទុកឱ្យស្រមូហភាពវិញ? អ្នកផ្សេងសង្ស័យលើមិត្តឯងបែបនេះក៏ត្រូវម្យ៉ាងដែរ ព្រោះមិត្តឯងកំពុងធ្វើការនៅក្នុងរោងបាយដូចដែលពាក្យគេនិយាយថាមេមាន់ក្រាបលើជង្រុកស្រូវ គ្មាននរណាជឿថាវាមិនចឹកស្រូវនោះទេ។
មាហន ស្ងាត់មាត់លែងសួរដេញដល់ខ្ញុំមួយសន្ទុះ ប៉ុន្តែខ្ញុំដឹងថាមាហន មិនងាយបោះបង់ចោលការសង្ស័យលើខ្ញុំឡើយ។បន្ទាប់មកមាហានយ៉ាងម៉េចចំពោះខ្ញុំថា ណ្ហើយ ខ្ញុំអត់ឱនឱ្យមិត្តម្ដងចុះ ប៉ុន្តែដាច់ខាតមិនឱ្យមានបាតុភាពលេចឮជាលើកទីពីរទៀតនោះទេ។ខ្ញុំដឹងហើយថាមិត្តឯង និងយាយភួងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាខ្លាំងណាស់ ប៉ុន្តែកុំភ្លេចថា អង្គការបញ្ជូនមិត្តឯងមកដើម្បីលត់ដំ មិត្តឯងមិនទាន់ឆ្លងផុតដំណាក់កាលលត់ដំនៅឡើយទេ ដូច្នេះហើយមិត្តឯងត្រូវតែរក្សាការសម្ងាត់តើស្ដាប់បានទេ?
ខ្ញុំក៏ឆ្លើយទៅ មាហន ថាបាទមាខ្ញុំស្ដាប់បានហើយ។
រួចរាល់ហើយខ្ញុំបានត្រឡប់មកធ្វើការនៅរោងបាយដូចធម្មតាវិញ។ គ្មាននរណាចាប់អារម្មណ៍ឬក៏សួរនាំខ្ញុំពីរឿងដែលខ្ញុំទៅជួបនឹង មាហន នោះទេ។ ទោះបីជាពេលវេលារំលងផុតទៅជាច្រើនសប្តាហ៍ហើយក៏ដោយប៉ុន្តែភាពភ័យខ្លាចដែលដក់ជាប់នៅក្នុងចិត្តរបស់ខ្ញុំកន្លងមក នៅពុំទាន់បានជ្រះស្រឡះនៅឡើយទេ។ ពាក្យសម្តីគ្រប់ម៉ាត់របស់ មាហន ដែលនិយាយមកកាន់ខ្ញុំនៅតែតាមលងបន្លាចចិត្តរបស់ខ្ញុំស្ទើរតែរាល់ថ្ងៃ។ ខ្ញុំពិតជាស្មុគស្មាញនៅក្នុងចិត្តខ្លាំងណាស់។ ខ្ញុំមិនចង់បន្តធ្វើការងារនៅរោងបាយតទៅទៀតទេ។ ថ្វីត្បិតថាខ្ញុំបានរួចខ្លួន ប៉ុន្តែខ្ញុំគឺជាមនុស្សម្នាក់ដែលបានស្ថិតក្រោមការសង្ស័យហើយមិនងាយនឹងជម្រះឲ្យស្អាតវិញដោយងាយៗនោះឡើយ។ ខ្ញុំចង់វិលត្រឡប់ទៅរែកដីដូចកាលពីមុនវិញ។ ទោះបីជាជីវិតរស់នៅតាមកងត្រូវធ្វើការធ្ងន់ហត់នឿយ ហើយថែមទាំងស្ថិតក្នុងជីវភាពលំបាកលំបិនហូបចុកមិនគ្រប់គ្រាន់ តែបើប្រៀបធៀបទៅនឹងសម្ពាធផ្លូវចិត្តនៅពេលនោះ ខ្ញុំគិតថាការរស់នៅដូចកាលពីមុនធ្វើឲ្យខ្ញុំមានសេចក្តីសុខដោយពុំចាំបាច់មានការភ័យខ្លាចរាល់ថ្ងៃដូច្នេះទេ។
មួយរយៈចុងក្រោយនេះ មាហនឧស្សាហ៍បង្ហាញវត្តមានញឹកញាប់នៅរោងបាយណាស់។ មាហនតែងតែមករោងបាយយ៉ាងស្ងៀមស្ងាត់ដោយពុំមានមនុស្សហែហមឡើយ។ សកម្មភាពរបស់មាហានគឺសាមញ្ញបំផុត។ គាត់តែងតែដើរក្រពាត់ដៃម្ខាងទៅក្រោយ ហើយដៃម្ខាងទៀតត្បៀតបារីថ្នាំបឺតបង្ហុយផ្សែង និង ដើរយឺតៗក្រឡឹងចង្ក្រានបាយមួយជុំរួចវិលត្រឡប់ទៅវិញបាត់។ខ្ញុំតាមលួចមើលសកម្មភាពរបស់ មាហន ទាំងភាពតានតឹងនៅក្នុងចិត្ត។
ឥឡូវនេះជិតដល់វេលាដែលត្រូវផ្លាស់ប្ដូរទីតាំងទៅការដ្ឋានថ្មី។ ម៉ែភួងនិងមិត្តនារីម៉ៅ នៅតែបាត់ស្រមោលឈឹងខ្ញុំពុំបានទទួលដំណឹងអ្វីពីគាត់ទាល់តែសោះ។ រយៈពេលប៉ុន្មានយប់ផ្ទួនៗគ្នាកន្លងមកនេះ ខ្ញុំចេះតែសុបិនឃើញម្ដាយបង្កើតរបស់ខ្ញុំ និងម៉ែភួង នៅជាមួយគ្នា។ ខ្ញុំឃើញគាត់ជជែកគ្នាយ៉ាងយ៉ាងស្និទ្ធស្នាលប្រៀបដូចមនុស្សធ្លាប់ស្គាល់គ្នាពីមុនមក។ ខ្ញុំចេះតែលួចគិតនៅក្នុងចិត្តថា តើម៉ែភួងមានរឿងអ្វីទេដឹង? ពីមួយថ្ងៃទៅមួយថ្ងៃអារម្មណ៍របស់ខ្ញុំមិនស្ងប់ទាល់តែសោះ។ ខ្ញុំចង់ឃើញការវិលត្រឡប់របស់ម៉ែភួង និងមិត្តនារីម៉ៅ ណាស់។ ខ្ញុំពិតជានឹកស្រណោះសំដីរបស់ម៉ែភួងដែលធ្លាប់និយាយថា ប្រសិនបើថ្ងៃណាមួយអង្គការដាក់ទិសដៅឱ្យគាត់ត្រឡប់ទៅសហករណ៍វិញតើខ្ញុំទៅជាមួយគាត់ដែរឬទេ?។នៅពេលដែលខ្ញុំកាន់តែគិតពីគាត់គឺរឹតតែធ្វើឲ្យខ្ញុំចង់ចាកចេញទៅរកគាត់ភ្លាមៗ ប៉ុន្តែខ្ញុំគ្មានសិទ្ធិធ្វើយ៉ាងដូច្នេះទេ។ ខ្ញុំបានត្រឹមតែជួបមុខម៉ែភួងនៅក្នុងក្តីស្រមៃប៉ុណ្ណោះហើយខ្ញុំក៏នៅតែចងចាំមិនភ្លេចចំពោះពាក្យសន្យារបស់ម៉ែភួង ដែលថានឹងយកផ្លែដូងខ្ចីមកផ្ញើខ្ញុំពេលត្រឡប់មកវិញ។
នឹកគិតដល់រឿងរ៉ាវអតីតកាលទាំងអស់នោះធ្វើឲ្យទឹកភ្នែករបស់ខ្ញុំហូរធ្លាក់ចុះមកដោយមិនដឹងខ្លួន។ខ្ញុំប្រញាប់ជូតទឹកភ្នែកចេញ និងប្រមូលអារម្មណ៍ត្រឡប់មកជាធម្មតាវិញ។ គាប់ជួនរថយន្តក្រុងបានចាប់ផ្ដើមបន្ថយល្បឿនរួចបត់ក្បាលចូលក្នុងចំណតដើម្បីដាក់ភ្ញៀវចុះមុនពេលបន្តដំណើរទៅកាន់ប៉ោយប៉ែតបន្តទៀត។ ខ្ញុំបានយួរកាបូបចុះពីរថយន្តទាំងដំណើរធេងធោង ព្រោះអារម្មណ៍របស់ខ្ញុំនៅមិនទាន់ឃ្លាតឆ្ងាយពីក្តីស្រមៃចំពោះខ្សែជីវិតពីអតីតកាលជាង៤០ឆ្នាំកន្លងផុតទៅនោះទេ៕ ចប់
ដកស្រង់និងប្រែសម្រួលដោយ: ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print