ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាទី បានចុះទៅឃាត់ខ្លួនបុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ក្រោយធ្វើសកម្មភាពបាញ់បោះសេរីឡើងទៅលើមេឃទាំងកណ្ដាលអធ្រាត្រប្រមាណជា ៧១គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរាគមន៍នាំខ្លួនជនដៃដល់យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ មានអាយុ ២០ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លី ម៉ាក Sig Sauer។
បេីតាមលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី។ លោកអភិបាលខេត្តរូបនេះ បានបញ្ជាក់ថា លួចបាញ់បាន ប៉ុន្តែគុកនៅរង់ចាំជានិច្ច ដោយគ្មានជនណាអាចប្រព្រឹត្តបទល្មើស ហើយរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ។
គួរបញ្ជាក់ថា ចំពោះមូលហេតុ នៃការបាញ់បោះសេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសួរនាំចាត់ការបន្ដតាមនីតិវិធី៕ ដោយ៖តារា